ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត.Malle Fofana,នាយកប្រចាំតំបន់អាស៊ី នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល( GGGI) ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ លើការងារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ។

លោកបណ្ឌិត Malle បានសម្តែងការកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការជំរុញចក្ខុវិស័យបរិស្ថានរបស់កម្ពុជា។ ដោយ លោក បានបញ្ជាក់ថា GGGI ត្រៀមខ្លួនជានិច្ច ក្នុងការបកប្រែចក្ខុវិស័យនេះទៅជាសកម្មភាពជាក់ស្តែង និងបានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថាន សម្រាប់ការគាំទ្រ និងការសម្របសម្រួលកន្លងមក។
លើសពីនេះ លោកបណ្ឌិត Malle បានបញ្ជាក់ទៀតថា GGGI នឹងបន្តជួយកម្ពុជាពង្រឹងសមត្ថភាពដើម្បីក្លាយជាអង្គភាពទទួលស្គាល់ (Accredited Entity) ក្នុងមូលនិធិអាកាសធាតុបៃតង (GCF) ដែលជាគន្លឹះឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុក្នុងវិស័យបរិស្ថាន។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ GGGI ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង និងចីរភាព ហើយមិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ យុទ្ធសាស្រ្ត នៃភាពស្អាត ភាពបៃតង ដោយចីរភាព បានរួមចំណែកទៅដល់ការកាត់បន្ថយ ការកើនឡើងកម្តៅភពផែនដី ដែលជាមូលហេតុចម្បងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ គំនិតផ្តួចផ្តើមពាណិជ្ជកម្មកាបូន ដោយរួមបញ្ចូលវិស័យកសិកម្ម វិស័យសំណល់ វិស័យព្រៃឈើ (REDD+) និង ការដាំដុះព្រៃឈើឡើងវិញ គឺជាការលើកទឹកចិត្តឱ្យវិនិយោគិន រួមចំណែកដាំដុះព្រៃឈើឡើងវិញនៅកម្ពុជា ដែលជាថ្នូរនឹងឥណទានកាបូនរយៈពេល១៥ឆ្នាំ ស្របតាមការអនុវត្តមាត្រា ៦.២ នៃអនុសញ្ញាកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ដែលអាចរួមចំណែកដល់ការកាត់បន្ថយបន្ទុកថវិការដ្ឋរបស់កម្ពុជា និងឈានឆ្ពោះទៅសម្រេច បាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លើសពីនេះ លោក រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ ពីសារៈសំខាន់នៃ ការដាំដុះព្រៃឈើឡើងវិញ ជាពិសេសនៅតំបន់ បឹងទន្លេសាប ដែលមានសារៈសំខាន់ ចំពោះប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចជាតិ ដោយក្រសួងបានផលិតកូនឈើរាប់លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងជំរុញឱ្យមានការចូលរួមពីវិស័យឯកជន ក្នុងការដាំដុះព្រៃឈើឡើងវិញ ។
សូមរម្លឹកជូនថា យោងតាមបទពិសោធន៍ជោគជ័យ របស់ក្រសួងបរិស្ថាន ដោយបានដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស ប្រជាពលរដ្ឋរាប់លាននាក់ ។ បន្តមក យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការបន្តបន្ទាប់ នឹងចែកធុងសំរាម ដើម្បីប្រមូលទុកដាក់ និងញែកសំរាម ឱ្យបានត្រឹមត្រូវ ដែលផ្តល់ប្រយោជន៍ដល់ភាពស្អាត ហើយនឹងសេដ្ឋកិច្ចមូលដ្ឋាន ។ ក្រៅពីនេះ ក្រសួងក៏បានបន្តពង្រឹងការគ្រប់គ្រង សំណល់រាវ ដោយបានបញ្ឈប់ការបញ្ចេញ សំណល់រាវដែល ជាប្រភពបំពុល ទៅក្នុងប្រភពទឹក សាធារណៈឱ្យបានត្រឹម ឆ្នាំ២០២៦ និងបានដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះរោងចក្រ សហគ្រាសទាំងឡាយណាដែលមិនបានអនុវត្ត និងគោរពតាមបទ បញ្ញាត្តិច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិ ៕
