ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានប្រទេស E3 ប្រឆាំងនឹងការដាក់ទណ្ឌកម្មឡើងវិញ

xinhua

តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលហៅកាត់ថា (E3) មិនគួរធ្វើឱ្យខូចដល់ភាពជឿជាក់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយការជំរុញយន្តការ snapback ដើម្បីដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេអេរ៉ង់។

នៅក្នុងការប្រកាសនៅលើបណ្ដាញសង្គម X លោក Araghchi បានឲ្យដឹងថា E3 ខ្វះ “ជំហរផ្លូវច្បាប់ នយោបាយ និងសីលធម៌” ដើម្បីហៅបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឬ UNSC Resolution លេខ ២២៣១ ដែលអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញ ប្រសិនបើអ៊ីរ៉ង់ ត្រូវបានរកឃើញថា មិនគោរពតាមកិច្ចព្រមព្រៀង។

លោកបានកត់សម្គាល់ថា បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីផែនការសកម្មភាពទូលំទូលាយរួមក្នុងឆ្នាំ២០១៨ អ៊ីរ៉ង់ បានប្រើអស់យន្តការដោះស្រាយវិវាទ មុនពេលចាត់វិធានការដោះស្រាយ ខណៈដែល E3 មិនបានគោរពការប្តេជ្ញាចិត្តរបស់ពួកគេ ហើយថែមទាំងបានគាំទ្រគោលនយោបាយ “សម្ពាធអតិបរមា” របស់សហរដ្ឋអាមេរិកផងដែរ។

លោក Araghchi បានលើកឡើងថា “E3 ត្រូវតែបដិសេធពីសកម្មភាពណាមួយ ដែលនឹងធ្វើឱ្យមានការបែកបាក់កាន់តែស៊ីជម្រៅនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ឬដែលនឹងផ្តល់ផលវិបាកធ្ងន់ធ្ងរដល់ការងាររបស់ខ្លួន” ដោយកត់សម្គាល់ថា អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ “ការទូតដ៏មានអត្ថន័យ” ប៉ុន្តែក៏នឹងទប់ទល់នឹងវិធានការអរិភាពផងដែរ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែល របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយបានចុះផ្សាយថា អ៊ីរ៉ង់ និង E3 បានយល់ព្រមបន្តការចរចារអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top