ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និង E3 យល់ព្រមបន្តកិច្ចចរចា នុយក្លេអ៊ែរ

តេហេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ និងប្រទេសអឺរ៉ុបចំនួនបី ដែលមាន បារាំង អាល្លឺម៉ង់ និង អង់គ្លេស ដែលហៅថា E3 បានព្រមព្រៀងគ្នាក្នុងការបន្តការ ចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

ប្រទេស អ៊ីរ៉ង់ និង E3 កំពុងធ្វើការពិគ្រោះយោបល់ លើកាលបរិច្ឆេទ និងទីកន្លែងនៃការចរចា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលហៅកាត់ថា (E3) មិនគួរធ្វើឱ្យខូចដល់ភាពជឿជាក់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយការជំរុញយន្តការ snapback ដើម្បីដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេអេរ៉ង់។

នៅក្នុងការប្រកាសនៅលើបណ្ដាញសង្គម X លោក Araghchi បានឲ្យដឹងថា E3 ខ្វះ “ជំហរផ្លូវច្បាប់ នយោបាយ និងសីលធម៌” ដើម្បីហៅបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឬ UNSC Resolution លេខ ២២៣១ ដែលអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញ ប្រសិនបើអ៊ីរ៉ង់ ត្រូវបានរកឃើញថា មិនគោរពតាមកិច្ចព្រមព្រៀង។

លោកបានកត់សម្គាល់ថា បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីផែនការសកម្មភាពទូលំទូលាយរួមក្នុងឆ្នាំ២០១៨ អ៊ីរ៉ង់ បានប្រើអស់យន្តការ ដោះស្រាយវិវាទ មុនពេលចាត់វិធានការដោះស្រាយ ខណៈដែល E3 មិនបានគោរពការប្តេជ្ញា ចិត្តរបស់ពួកគេ ហើយថែមទាំងបានគាំទ្រគោលនយោបាយ “សម្ពាធអតិបរមា” របស់សហរដ្ឋអាមេរិកផងដែរ។

លោក Araghchi បានលើកឡើងថា “E3 ត្រូវតែបដិសេធ ពីសកម្មភាពណាមួយ ដែលនឹងធ្វើឱ្យមានការ បែកបាក់កាន់តែស៊ីជម្រៅនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ឬដែលនឹងផ្តល់ផលវិបាកធ្ងន់ធ្ងរដល់ការងាររបស់ខ្លួន” ដោយកត់សម្គាល់ថា អ៊ីរ៉ង់ ត្រៀម ខ្លួនរួចជាស្រេចសម្រាប់ “ការទូតដ៏មានអត្ថន័យ” ប៉ុន្តែក៏នឹងទប់ទល់នឹងវិធានការ អរិភាពផងដែរ ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែល របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ មួយបានចុះផ្សាយថា អ៊ីរ៉ង់ និង E3 បានយល់ព្រមបន្តការចរចា អំពីកម្មវិធី នុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top