នយោបាយ

សម្តេចតេជោ ក្រើនរំលឹក ឲ្យជនរួមជាតិ ហូបអំបុកទាំងអស់គ្នា នាថ្ងៃ៩វិច្ឆិកា ខណៈកាន់តែគៀក នៃក្រុមឧទ្ទាមចូលស្រុក

ភ្នំពេញ ៖ ខណៈនៅសល់៤ថ្ងៃទៀត បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នឹងចូលមកដល់ ហើយបន្តបុណ្យអុំទូក អកអំបុក និងសំពះព្រះខែចាប់ពីថ្ងៃ១០-១២ វិច្ឆិកា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីបានក្រើនរំលឹកឲ្យជនរួមជាតិ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្ត ជាពិសសត្រៀមអំបុក , ចេកទុំ , ដូងខ្ចីដើម្បីទទួលទាន ទាំងអស់គ្នា នៅថ្ងៃទី ៩ វិច្ឆិកា ក្នុងបរិយាកាសសប្បាយរីករាយ ។

សម្តេចតេជោបានបន្តហៅ “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ” ។ ការហៅរបស់សម្តេចនេះ ដោយសារក្រុមឧទ្ទាមក្រៅស្រុក ដែលដឹកនាំដោយលោក សម រង្ស៊ី បានត្រៀមចូលកម្ពុជាវិញ ដើម្បីមកផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ នេះបើតាមហ្វេសប៊ុក របស់សម្តេចតេជោនៅព្រឹកថ្ងៃទី៥ វិច្ឆិកា។

ចំណែកក្នុងហ្វេសប៊ុក របស់លោក សម រង្ស៊ី នាព្រឹកថ្ងៃ៥ វិច្ឆិកានេះដែរ ក៏បានផ្ញើសារជាវិដេអូ ជាង៦នាទីទៅកាន់ពលរដ្ឋខ្មែរ ទាំងក្នុងនិងនៅក្រៅប្រទេស អំពីការវិលត្រឡប់ចូលស្រុកវិញរបស់លោក ។

លោក សម រង្ស៊ី បានប្តេជ្ញាថា ទោះជាយ៉ាងណាលោកបានត្រៀមមកម្ពុជាវិញ ទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ ។

ចំណែក លោកស្រី មូរ សុខហួរវិញ ដែលជាមនុស្សជំនិត លោក សម រង្ស៊ីបានអះអាងថា នេះជាសារចុងក្រោយមុនពេលលោក សម រង្ស៊ីចូលស្រុកវិញ។
បើតាមសេចក្តីថ្លែងការណ៍ របស់អតីតបក្សប្រឆាំងប៉ុន្មានថ្ងៃមុន បានកំណត់យកប្រទេសថៃជាគោលដៅ ក្នុងការឆ្លងដែនចូលមកកម្ពុជា ។

ប៉ុន្តែការប្រកាសនេះ ហាក់មើលទៅគ្មានប្រសិទ្ធភាព ដោយសារនៅព្រឹកថ្ងៃទី៥ វិច្ឆិកា ក្រុមទាហ៊ានឈុតខ្មៅថៃប្រចាំច្រកព្រំដែនអានសេះ បានបិទរូបថតមុខសញ្ញា លោក សម រង្ស៊ីនិងទណ្ឌិត៨នាក់នៅមាត់ច្រកចូលព្រំដែន ។

អ្នកទាំង៩នោះរួមមាន៖ លោក សម រង្ស៊ី , អ្នកស្រី មូរ សុខហួរ , លោក អ៊ូ ច័ន្ទឬទ្ធី , អ្នកស្រី ជូឡុង ស៊ូមូរ៉ា , លោក ម៉ែន ថាវរិទ្ធ្រ , លោក អេង ឆៃអ៊ាង , លោក ឡុង រី , លោក ហូរ វ៉ាន និងលោក នុត រំដួល។

មុនមួយថ្ងៃនៃការបិទរបស់ភាគីថៃ ពោលនៅថ្ងៃ៤ វិច្ឆិកា នៅច្រកព្រំដែនអន្តរជាតិអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាក៏បានបិទរូបភាពលោក សម រង្ស៊ី និងមនុស្សជំនិតរបស់លោក២០នាក់ផ្សេងទៀតផងដែរ។

ជាមួយគ្នានេះដែរ លោក សម រង្ស៊ី មុនចេញមកកម្ពុជាបានទៅសូមពរជ័យព្រះសង្ឃ នៅវត្តធម្មរង្សី ក្នុងក្រុងប៉ារីស ប្រទេសបារាំង ដើម្បីឲ្យដំណើរមាតុភូមិនិវត្តន៍ប្រកបដោយជោគជ័យ ។

តាមរយៈខំមិនតបទៅអ្នកគាំទ្រនៅព្រឹកថ្ងៃ៥ វិច្ឆិកា លោក សម រង្ស៊ី ថា “មុននឹងធ្វើដំណើរចេញទៅប្រទេសកម្ពុជាបានទៅថ្វាយបង្គំលាព្រះសង្ឃ នៅវត្តធម្មរង្សី ជិតទីក្រុងប៉ារីស ប្រទេសបារាំង។ ព្រះសង្ឃក៏បានស្វាធ្យាយពរជ័យជន ដោយសូមឲ្យដំណើរមាតុភូមិនិវត្តន៍របស់លោកថ្ងៃ៩ វិច្ឆិកា ប្រកបទៅដោយជោគជ័យ” ។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចវាយបកថា សូត្រមន្តលើករាសីឲ្យមេឧទ្ទាមក្រៅច្បាប់បាចទឹកមន្តមិនដល់ទេ គឺអត់មានប្រសិទ្ធភាពទេ បើមកនៅតែជាប់ខ្នោះដដែល ។

ពាក់ព័ន្ធករណីនេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការបន្តអំពាវនាវរបស់លោក សម រង្ស៊ី គៀងគរពលរដ្ឋធ្វើរដ្ឋប្រហារទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ នឹងដាក់បន្ទុកឲ្យក្លាយជាឧក្រិដ្ឋជន។ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន លោក គឹម សន្តិភាព បានថ្លែងថា វោហារសព្ទរបស់អ្នកនឹងដាក់បន្ទុកអ្នកឲ្យក្លាយជាឧក្រិដ្ឋជន ។

វោហារសព្ទដែលលោកថា នោះគឺការបង្កើនវោហារហិង្សា និងការបន្តអំពាវនាវរបស់ក្រុមឧទ្ទាម គឺជាការបង្ហាញអំពីឆន្ទៈយ៉ាងមុតមាំក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមនាថ្ងៃទី៩ វិច្ឆិកា ខាងមុខឲ្យបានសម្រេច។

លោកថា “វោហារសព្ទទាំងអស់នេះ គ្មានអ្វីក្រៅតែពីជួយដាក់បន្ទុកបន្ថែមទៀត លើបទឧក្រិដ្ឋរបស់ក្រុមឧទ្ទាមជនទាំងនេះតែប៉ុណ្ណោះ”។

សម្រាប់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបង្ហាញអារម្មណ៍ពិតថា លោកមិនខ្វល់ពីការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ីនោះទេ សំខាន់ថ្ងៃទី៩ វិច្ឆិកា គឺលោកដឹងតែចូលរួមចូលរួមជាមួយព្រះមហាក្សត្រខ្មែរដើម្បីរំលឹកខួបទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ។

លោកបានលើកឡើងថា “ខ្ញុំអត់ខ្វល់ទេនរណាមក ឬមិនមក នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ ហើយអ្វីដែលសំខាន់ គឺខ្ញុំចូលរួមជាមួយព្រះមហាក្សត្រខ្មែរយើង ដើម្បីរំលឹកខួបទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ។ បើសិនជាមានក្រុមណាមួយចង់អុកឡុកថ្ងៃបុណ្យឯករាជ្យជាតិនេះ ហើយរដ្ឋាភិបាលបង្រ្កាបមិនបាន គឺជាចំណុចអសមត្ថភាពនៃរដ្ឋាភិបាល មិនមែនពួកក្រុមអុកឡុកទាំងអស់នោះខ្លាំងទេ ដោយសារថ្ងៃបុណ្យជាតិ មិនមែនបុណ្យសម្រាប់បក្សណាមួយឡើយ គឺជាពិធីបុណ្យសម្រាប់ជាតិខ្មែរមួយទាំងមូល” ។

លោកបន្តថា ក្នុងន័យនេះរាជរដ្ឋាភិបាលត្រូវតែការពារព្រះមហាក្សត្រ ការពារពិធីបុណ្យជាតិ ជាពិសេសការពារថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីឲ្យមានសុខសុវត្ថិភាព នឹងបង្ហាញដល់ពួកអមិត្តថា កម្ពុជាមានឯករាជ្យត្រឹមត្រូវកុំចង់មកត្រួតត្រា ៕

To Top