ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងលោក Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេស អាស៊ែបៃហ្សង់ មានទស្សនៈរួមគ្នាលើសារៈសំខាន់ នៃវិស័យទេសចរណ៍ ក្នុងសេដ្ឋកិច្ចជាតិ ការបង្កើតចំណូល របស់ប្រជាពលរដ្ឋ និង ការភា្ជប់ទំនាក់ទំនង ប្រជាជននិងប្រជាជន ដោយហេតុថាប្រទេសទាំងពីរ ជាប្រទេសដែលមាន ប្រវតិ្តសាស្រ្ត វប្បធម៌ និងអរិយធម៌ដ៏យូរលង់ ប្រពៃណីទំនៀមទំលាប់ដ៏សំបូរបែប និងចំណាស់ ។

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្លាស់ប្តូរទស្សនៈយុទ្ធសាស្រ្តស៊ីជម្រៅ ស្តីពីការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងការជំរុញទាក់ទាញលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើន នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងនោះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកអនុរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ បានចាត់ទុកថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ ជាបេតិកភណ្ឌពិភពលោក និងដែលមានតម្លៃបន្ថែមរបស់ប្រទេសកម្ពុជា និងអាស៊ែបៃហ្សង់ ដល់ប្រជាជនប្រទេសទាំងពីរ និងពិភពលោកទាំងមូល ។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ប្រទេសទាំងពីរ មានទស្សនៈរួមគ្នាលើសារៈសំខាន់ នៃវិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចជាតិ ការបង្កើតចំណូលរបស់ប្រជាពលរដ្ឋ និងការភា្ជប់ទំនាក់ទំនង ប្រជាជននិងប្រជាជន ដោយហេតុថាប្រទេសទាំងពីរ ជាប្រទេស ដែលមានប្រវតិ្តសាស្រ្ត វប្បធម៌ និងអរិយធម៌ដ៏យូរលង់ ប្រពៃណីទំនៀម ទំលាប់ដ៏សំបូរបែប និងចំណាស់ ការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ របស់ប្រជាជនម្ចាស់ស្រុក កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សក្តានុពលទេសចរណ៍វប្បធម៌ បេតិកភណ្ឌ អេកូទេសចរណ៍ និងធម្មជាតិជាច្រើន ពិសេសគឺសុទ្ធតែជាប្រទេស ដែលមានបេតិភណ្ឌពិភពលោកដូចគ្នា ដោយប្រទេសកម្ពុជា ត្រូវបានស្គាល់ តាមរយៈប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ហើយប្រទេសអាស៊ែបៃហ្សង់ តាមរយៈបេតិកភណ្ឌក្នុងរដ្ឋធានីបាគូ ដែលមានប្រាសាទ Shirvanshah ជាមួយជញ្ជាំងក្រុង និងប៉ម Maiden ដែលត្រូវបានចាត់ទុកជាគុជ នៃស្ថាបត្យកម្មរបស់ជាតិ ៕






