ព័ត៌មានជាតិ

ទំនេរពេកកាន់កាំបិត ថតបង្ហោះ​ តាមបណ្តាញសង្គម ឡូវជាប់ខ្នោះ

ស្វាយរៀង៖ កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកស្វាយជ្រំ បានធ្វើការឃាត់ខ្លួនក្មេង ទំនើងចំនួន២នាក់ ពាក់ព័ន្ធនឹងការបង្ហោះរូបភាពកាន់ កាំបិតផ្គាក់បង្អួតតាមបណ្ដាញ សង្គមបញ្ជូនទៅសាលាដំបូង ខេត្តស្វាយរៀង ហើយត្រូវបានព្រះរាជអាជ្ញា ចេញពីការឃុំខ្លួនដាក់ពន្ធនាគារ បណ្ដោះអាសន្ន។

លោកវរសេនីយ៍ឯក សោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃអធិការដ្ឋានគរបាលស្រុកស្វាយជ្រំ បានឃើញហ្វេសប៊ុក ឈ្មោះ POhh បង្ហោះរូបភាពកាន់កាំបិតផ្គាក់ ជាស្តូរី បង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុកជាសាធារណ: ។

ក្រោយពីបានឃើញរូបភាព និងវីដេអូរួចមក កម្លាំងជំនាញយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោកផ្ទាល់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រីង ចុះធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាក្មេងទំនើងទាំងនោះ ព្រមទាំងបានឃាត់ខ្លួន ចំនួន២នាក់ រួមមាន ៖ ១- ឈ្មោះសាម វ័ន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ។ ២-ឈ្មោះពេជ ពន្លឺ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ។ វត្ថុតាងដកហូត រួមមាន៖ កាំបិតផ្គាក់ ១ដើម និងម៉ូតូ ១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួន និងបក្សពួកពិតជាបានធ្វើសកម្មភាព បង្ហោះរូបភាព និងវីដេអូ តាមបណ្តាញសង្គមពិតប្រាកដមែន។

លោកអធិការបានបញ្ជាក់ថា ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ក្មេងទំនើងទាំង២នាក់ បានកសាងសំណុំរឿងបញ្ជូន ទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្ត និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុង ពន្ធនាគាររួចហើយ៕

To Top