ភ្នំពេញ ៖ លោក ស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum របស់រដ្ឋាភិបាលនៃប្រទេសហុងគ្រី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ជូននិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនៃប្រទេសហុងគ្រី អំពីបេសកកម្មរបស់ក្រសួងតាមរយៈការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ និងគោលនយោបាយពាក់ព័ន្ធ ព្រមទាំងច្បាប់ស្តីពីការងារ ដែលជាការចូលរួមចំណែកក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។

ជាមួយគ្នានេះ លោកស្រី បានរំលឹកអំពីតម្លៃ នៃសន្តិភាពនៅកម្ពុជា និងមោទនភាពជាតិខ្មែរ ដោយបានផ្តាំផ្ញើដល់និស្សិតជ័យលាភី ឱ្យមានភាពក្លាហាន ក្នុងការចូលរួមនិងថែរក្សាសាមគ្គីភាពជាតិខ្មែរ ទោះបីជានៅក្នុងប្រទេស ឬនៅបរទេសក៏ដោយ ដើម្បីបន្តផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្តពិត ប្រពៃណីដ៏ល្អ វប្បធម៌ដ៏ផូរផង់ និងវឌ្ឍនភាពសង្គមកម្ពុជា ទៅកាន់ពិភពលោក សំដៅទាក់ទាញនូវការវិនិយោគបរទេសបន្ថែមទៀត។

បន្ថែមលើនេះ លោកស្រីក៏បានលើកទឹកចិត្ត ដល់និស្សិតជ័យលាភីទាំងអស់ ត្រូវនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធពីបរទេស ត្រឡប់មកបម្រើការងារ នៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សកម្ពុជាប្រកបដោយថាមពល និងថាមវន្ត ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ជាពិសេស សម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕






