ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស បានណែនាំដល់សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ បន្តខិតខំប្រឹងប្រែងរៀន សូត្របន្ថែម និងបំពេញចន្លោះខ្វះខាតផ្សេងៗ ពិសេសត្រូវថែទាំសុខភាព សម្រាក និងហូបចុកឱ្យបានគ្រប់គ្រាន់ ។

ការណែនាំរបស់ លោក ហង់ជួន ណារ៉ុន ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុនសែន ខ្ចៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមការងារពាក់ព័ន្ធទាំងអស់ បានយកអស់ពីកំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ដឹកនាំបង្ហាត់បង្រៀន សិស្សានុសិស្សឱ្យទទួលបានលទ្ធផលល្អ ក្នុងការសិក្សា និងបានប្រែក្លាយ សាលាទៅសាលារៀនគំរូប្រកប ដោយសោភណភាព និងបរិស្ថានសិក្សាស្រស់បំព្រង និងសូមឱ្យបន្តរក្សាស្មារតី ប្រឹងប្រែងសហការគ្នា ឱ្យកាន់តែរឹងមាំដើម្បីឈានទៅសម្រេចសមិទ្ធផលរួមគ្នាជាច្រើនបន្ថែមទៀត។

លោក ឧបនាយករដ្ឋមន្ត្រី បានណែនាំលើកទឹកចិត្តសិស្សត្រៀមប្រឡងទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែម និងបំពេញចន្លោះខ្វះខាតផ្សេងៗ ជាពិសេសត្រូវថែទាំសុខភាព សម្រាក និងហូបចុកឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឱ្យបានល្អអំឡុងពេលប្រឡង ដោយគូសបញ្ជាក់ថា «បន្ទាប់ពីជោគជ័យ ក្នុងការប្រឡងនេះ ក្មួយៗត្រូវយកចិត្តទុកដាក់លើការជ្រើសរើសជំនាញ ឱ្យសមស្របតាមសមត្ថភាព ឧបនិស្ស័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីបង្ការការសម្រេចចិត្តខុសមួយគ្រានាំឱ្យខាតបង់ទាំងពេលវេលា និងធនធាន»។
ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្ដី ក៏បាននាំយកនូវសៀវភៅសរសេរ និងសម្លៀកបំពាក់កីឡា សម្រាប់សិស្សានុសិស្ស ដែលកំពុងត្រៀមប្រឡង និងសូមជូនពរឱ្យជោគជ័យ ហើយទទួលបាននិទ្ទេសល្អៗ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ៕
