ប៉ារីស៖ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសបារាំងបានឲ្យដឹងថា ប្រទេសបារាំង ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងជាសមាជិកស្ថាបនិកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) មានការសោកស្ដាយ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការចាកចេញពីអង្គការយូណេស្កូ។
អ្នកនាំពាក្យបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសបារាំងគាំទ្រអង្គការយូណេស្កូទាក់ទងនឹងការទទួលបានការអប់រំសម្រាប់ទាំងអស់គ្នា ការការពារបេតិកភណ្ឌដែលជិតផុតពូជ ការថែរក្សាមហាសមុទ្រ ការអភិវឌ្ឍន៍ប្រកបដោយទំនួលខុសត្រូវនៃបញ្ញាសិប្បនិមិត្ត និងការប្រយុទ្ធប្រឆាំងនឹងពួកសាសន៍យូដា និងការនិយាយស្អប់។
កាលពីរសៀលថ្ងៃអង្គារ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញនៅលើគណនី X របស់លោកថា «ការគាំទ្រឥតងាករេ» របស់ប្រទេសបារាំង ចំពោះអង្គការ UNESCO។ លោកបានហៅអង្គការយូណេស្កូថាជា “អាណាព្យាបាលសកលនៃវិទ្យាសាស្ត្រ មហាសមុទ្រ ការអប់រំ វប្បធម៌ និងបេតិកភណ្ឌពិភពលោក”។
កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានប្រកាសពីការសម្រេចចិត្តដកខ្លួនចេញពីអង្គការ UNESCO នៅខែធ្នូ ឆ្នាំ ២០២៦។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ការដកខ្លួននេះ គឺដោយសារតែអ្វីដែលទីក្រុងវ៉ាស៊ីនតោន មើលឃើញថា ជាគោលនយោបាយរបស់ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ ដើម្បី “ជំរុញបុព្វហេតុសង្គម និងវប្បធម៌ដែលបែកបាក់គ្នា” ជុំវិញជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។
ជាការឆ្លើយតប លោកស្រី Audrey Azoulay អគ្គនាយកអង្គការយូណេស្កូ បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដោយបានហៅវាថាមិនស្របតាមគោលការណ៍ជាមូលដ្ឋាននៃពហុភាគីនិយម។ លោកស្រីបានច្រានចោលហេតុផលដែលបានបញ្ជាក់សម្រាប់ការដកខ្លួននេះ ដោយសង្កត់ធ្ងន់ថា UNESCO នៅតែជា “វេទិកាដ៏កម្រមួយ សម្រាប់ការកសាងការឯកភាពគ្នាតាមរយៈពហុភាគីនិយមជាក់ស្តែង និងសកម្មភាព” ។
គួរបញ្ជាក់ថា ការចាកចេញរបស់សហរដ្ឋអាមេរិកនឹងចូលជាធរមាននៅចុងខែធ្នូ ឆ្នាំ ២០២៦។ នេះជាលើកទីបីហើយ ដែលទីក្រុងវ៉ាស៊ីនតោន បានចាកចេញពីអង្គការយូណេស្កូ និងជាលើកទីពីរក្នុងអំឡុងពេលរដ្ឋបាលក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំ៕
ប្រែសម្រួល ឈូក បូរ៉ា
