ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ក្នុងយុទ្ធនាការឈ្លានពានរបស់ថៃ មកលើដែលអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា រយៈពេល៣ថ្ងៃមកនេះ កងទ័ពថៃ បានវាយប្រហារមកលើ ទីតាំងជនស៊ីវិលជាច្រើនកន្លែង ។
ការលើកឡើងរបស់លោក ប៉ែន បូណា ខាងលើនេះ ធ្វើឡើងក្នុងសន្នីសីទស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ។
ក្នុងនោះលោក ប៉ែន បូណា បានលើកឡើងថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ បានចោទប្រកាន់កម្ពុជា ទាំងបំពានខុសការពិតថា កម្ពុជា បានកំណត់យកគោលដៅស៊ីវិល មន្ទីរពេទ្យជាដើម ធ្វើជាគោលដៅបាញ់ប្រហារ ហើយបានចោទកម្ពុជាទៀត ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ។ នាយករដ្ឋមន្ត្រីស្តីទីថៃ បែរជាបំភ្លៃថាខ្លួនឯងជាអ្នកត្រូវ ស្រលាញ់សន្តិភាព សម្តែងការអត់ធ្ងន់ ហើយចោទថាកម្ពុជា ជាអ្នកគំរាមប្រទេសខ្លួនទៅវិញ ។
ក្នុងន័យនេះ លោក ប៉ែន ប៉ូណា បានគូសបញ្ជាក់ទៅវិញ និងដើម្បីឱ្យសាធារណជនដឹងថា កម្ពុជា បដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មួលបង្កាច់ បំភ្លើសបំភ្លៃខុសពីការពិតទាំងស្រុង របស់នាយករដ្ឋមន្ត្រីស្តីទីថៃ ហើយកម្ពុជា សូមថ្កោលទោសការឈ្លានពាន យ៉ាងកម្រោរំលោភច្បាប់អន្តរជាតិ របស់ប្រទេសថៃ មកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ។
លោក ប៉ែន ប៉ូណា បានបញ្ជាក់បន្ថែមថា កម្ពុជា គឺជាប្រទេសរងគ្រោះ ដោយសារការឈ្លានពាន របស់ប្រទេសថៃ ដែលទាំងអស់គ្នាសុទ្ធតែបានដឹង កម្ពុជា រងការគំរាមកំហែង គ្រប់បែបយ៉ាង ពីសំណាក់កងទ័ពថៃ ដែលឈានទៅដល់ការវាយប្រហារ យ៉ាងកំរោផ្នែកយោធា មកលើប្រទេសកម្ពុជា កាលពីថ្ងៃ២៤ ខែកក្កដា ដូច្នេះកម្ពុជា គ្មានជម្រើសអ្វីក្រៅពី ប្រើសិទ្ធិតបត ដើម្បីការពារខ្លួន ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដីរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ និងស្របតាមច្បាប់ជាតិកម្ពុជា ។
លោក ប៉ែន ប៉ូណា មានប្រសាសន៍ថា “ថៃ គឺបានបាញ់ និងទម្លាក់គ្រាប់បែក ទៅលើគោលដៅស៊ីវិលជាច្រើន មកលើប្រទេសកម្ពុជា ទី១ គាត់បានទម្លាក់គ្រាប់បែក កំទេចវត្តមួយ នៅវត្តតាមាន់សែនជ័យ ដែលមានទីតាំង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលធ្វើឱ្យទីតាំងគោរពបូជាសាសន៍មួយនេះ ខ្ទេចខ្ទាំយ៉ាងខ្លាំង រហូតធ្វើឱ្យស្លាប់អាចារ្យម្នាក់ក្នុងវត្តនេះផង ទី២ថៃបានផ្លោងគ្រាប់បែក កំទេចមណ្ឌលសុខភាពមួយ នៅឯឃុំមរត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ នៅពេលដែលគេព្យាបាលជំងឺ ទី៣ ថៃបានបាញ់ចូលភូមិឋាន ផ្ទះរបស់ប្រជាពលរដ្ឋជាច្រើន ដែលធ្វើឱ្យផ្ទះប្រជាពលរដ្ឋខ្ទិចខ្ទាំង ហើយធ្វើឱ្យមានអ្នករងរបួសជាច្រើន រួមទាំងកុមារផងដែរ បន្ទាប់មកទៀត មានស្ថានីយ៍ឥន្ទនៈមួយនៅ ក៏ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងឧត្តរមានជ័យ ថៃក៏បានបំផ្លាញ បាញ់គ្រាប់បែបចូលទៅក្នុងប្រាសាទព្រះវិហារ ដែលធ្វើឱ្យប៉ះពាល់ទៅដល់ សម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ក្នុងចេតនាបំផ្លិចបំផ្លាញ សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ វិនាសសាបសូន្រ ក្រៅពីនោះថៃ ក៏បានបាញ់គ្រាប់ចូលសាលារៀន ដែលជាទីកន្លែងសិក្សា របស់សិស្សានុសិស្ស នៃប្រទេសកម្ពុជានៅក្នុងក្រុងសំរោង”៕
