ព័ត៌មានជាតិ

ក្រសួងការពារជាតិ៖ ថៃបើកការវាយប្រហារ​ ដោយកាំភ្លើងធំ មកលើទីតាំងជាច្រើនកន្លែង ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

ភ្នំពេញ៖ ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា នៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃ បានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមសេចក្តីថ្លែងការណ៍ ​របស់ក្រសួងការពារជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃ។

ក្នុងក្រសួងអះអាងថា ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដី របស់កម្ពុជា​ ដ៏កម្រោលនេះ គឺជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរបំផុត លើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិ ចូលរួម ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការឈ្លានពាន ខុសច្បាប់របស់ថៃ ។ កម្ពុជា ទាមទារឱ្យថៃបញ្ឈប់ រាល់សកម្មភាពអរិភាពជាបន្ទាន់ ហើយប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ ។ ខណៈពេលដែលកម្ពុជា នៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទ ដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ កម្ពុជារក្សាសិទ្ធិ ក្នុងការការពារខ្លួន ដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពាន ដ៏សាហាវឃោរឃៅរបស់ថៃ៕

To Top