សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ បានជម្លៀសចេញពីតំបន់សមរភូមិខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មកទីតាំងសុវត្ថិភាព និងលំនៅឋានតាមបណ្តាក្រុង ស្រុក ទាំង១៣ ក្នុងខេត្តសៀមរាប មានចំនួន គ្រួសារ ១ ២២០គ្រួសារ ស្មើនឹងចំនួន ៦ ១៩៨នាក់ ដែលប្រើប្រាស់ទីតាំងសុវត្ថិភាពសរុប ៩៥ទីតាំង នៃទីតាំងរៀបចំចំនួន ១០៧ទីតាំង ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តសៀមរាប បានលើកឡើងថា ទន្ទឹមគ្នានេះ ទីតាំងមួយចំនួន នៅមានការខ្វះខាតសម្ភារដូចជាមុង ភួយ ថ្នាំមូស សម្រាប់ការពារមូស ដោយសារមានមូសច្រើន ព្រមទាំងការខ្វះខាតសម្ភារប្រើប្រាស់ និងស្បៀង ដោយសារការជម្លៀសមកបន្ទាន់ ដោយពុំបានរៀបចំសម្ភារៈមកបានគ្រប់គ្រាន់ និងពិបាកដឹកជញ្ជូនជាដើម ដែលជាឆ្លើយតបរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមជាមួយសប្បុរសជនកំពុងរៀបចំជាបន្តបន្ទាប់។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ សុខភាព និងការផ្គត់ផ្គង់អាហារដល់បងប្អូនឱ្យបានគ្រប់គ្រាន់បន្តទៀត។ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដល់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសមកស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប៕

