ព័ត៌មានជាតិ

Breaking News: ក្រសួងអប់រំ ៖ សាលារៀន ៤៨៨សាលា បានបិទតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងពោធិ៍សាត់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាលារៀនចំនួន៤៨៨សាលា បានបិទតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងពោធិ៍សាត់ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ។

សូមបញ្ជាក់ថា ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព នៅថ្ងៃទី៣ នៃការឈ្លានពានរបស់ថៃ មកដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ការឈ្លានពានរបស់ថៃ បានពង្រីករាលដាលដល់ទីតាំងនៃខេត្តផ្សេងៗរបស់កម្ពុជា ចាប់តាំងពីវេលាម៉ោង ៥៖២នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃ បានបើកការវាយប្រហារកាំភ្លើងធំចំនួន៥គ្រាប់ មកលើទីតាំងជាច្រើននៅក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់»៕

To Top