ភ្នំពេញ ៖ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃ២៦ កក្កដា នេះបានប្រកាសថា សាលារៀនចំនួន៤៨៨ សាលារៀនត្រូវបានបិទនៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងពោធិ័សាត់ រួចមក ក្រសួងនឹងបន្តតាមដានជាមួយក្រុមការងារ ដើម្បីចាត់វិធានការណ៍បន្ទាន់ការពារសុវត្ថិសិស្ស ។

លោកស្រីបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៦ កក្កដា ថា បន្ទាប់ពីការបិទសាលារៀនទាំងជិត៥០០នេះហើយ ខាងក្រសួងអប់រំ នឹងបន្តធ្វើការងារជាមួយថ្នាក់ដឹកនាំរាជធានី-ខេត្តផ្សេងៗទៀតដែលមានព្រំប្រទល់ជាមួយថៃដែលកំពុងស្ថិតនៅតំបន់ប្រឈមនឹងការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ។
លោកស្រីបញ្ជាក់ថា “គិតមកត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ សាលារៀនជាប់ព្រំដែនចំនួន៤៨៨សាលារៀន បានបិទដោយសាលារៀនទាំងនោះ ។ ក្រសួងអប់រំក៏បន្តតាមដានជាមួយក្រុមការងារមួយចំនួន ដើម្បីចាត់ចំណាត់ការបន្ទាន់ដើម្បីធ្វើយ៉ាងណាការពារសុវត្ថិភាពបុគ្គលិកអំប់រំ ក៏ដូចជាលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស”។

អ្នកនាំពាក្យក្រសួងអប់រំបន្តថា បើទោះបីជាស្ថិតក្នុងស្ថានភាពអាសន្ន ក្នុងការប្រមូលផ្ដុំសិស្សានុសិស្សដែលភៀសខ្លួនជាមួយឪពុកម្តាយ ឬអាណាព្យាបាលមកកាន់តំបន់សុវត្ថិភាពក៏ដោយ ប៉ុន្តែពួកគាត់នៅបន្តទទួលបានការសិក្សារៀនសូត្រដដែល។ ដោយក្នុងនោះលោកគ្រូអ្នកគ្រូនៅតែបន្តខិតខំស្វែងរកមធ្យោបាយ និងទីតាំងសុវត្ថិភាពដើម្បីជួយបង្រៀនដល់ប្អូនៗសិស្សានុសិស្សដែលស្ថិតនៅសាលារៀនពោធិ៍៥០០០ដើម ខេត្តព្រះវិហារ ៕
