បាត់ដំបង ៖ បន្ទាប់ពីអញ្ជើញចូលរួមកម្មវិធីបុណ្យ៧ថ្ងៃ ព្រះឥន្ទមុនី អ៊ុក មុត ព្រះមេគណខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងលើកទឹកចិត្តដល់មន្រ្តីរាជការដែលកំពុងប្រចាំការសម្របសម្រួលក្នុងការវិលត្រឡប់របស់ពលករ។

ក្នុងឱកាសនោះ សម្ដេច ស ខេង បានណែនាំដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ត្រូវសម្រួលឱ្យបងប្អូនពលករយើងបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព។

គួរកត់សម្គាល់ថា បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានពលករខ្មែរកាន់តែច្រើនឡើងបានសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។

ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់នេះ បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនពលករទៅតាមបណ្តាខេត្តផ្សេងៗដើម្បីត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ៕

