ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីម៉ាលី សុជាតា បានអះអាងយ៉ាងច្បាស់ពីគោលជំហររបស់កងទ័ពកម្ពុជាថា ការវាយបករបស់កងទ័ពកម្ពុជាសំដៅឆ្ពោះតែទៅលើមូលដ្ឋានយោធាថៃប៉ុណ្ណោះ គ្មានសំដៅលើទីតាំងណាផ្សេងទេ គឺខុសពីថៃវាយប្រហារមកកម្ពុជាគ្រប់ទីកន្លែងរួមទាំងប្រាសាទព្រះវិហារ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃនាព្រឹកថ្ងៃ២៦ កក្កដា លោកស្រីអ្នកនាំពាក្យថ្លែងថា កម្ពុជាគឺជាជនរងគ្រោះពីការឈ្លានពានរបស់ថៃ ហើយក៏ច្រានចោលទាំងស្រុងចំពោះព័ត៌មានក្លែងក្លាយរបស់ភាគីថៃដែលថា កម្ពុជាបានបើកការវាយប្រហារមុនទៅលើកងទ័ពខ្លួន ។ចំណុចនេះលោកជំទាវគូសបញ្ជាក់ថា គ្មានទីតាំងណាមួយរបស់ថៃដែលកងទ័ពកម្ពុជាវាយប្រហារមុននោះទេ
អ្នកនាំពាក្យបន្តថា “កម្ពុជារក្សាសិទ្ធិវាយបក គឺជាការរក្សាសិទ្ធិក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ ។ ចំពោះគោលជំហររបស់កម្ពុជា ការវាយបក គឺវាយទៅលើទីតាំងមូលដ្ឋានយោធារបស់ថៃ គ្មានគោលដៅវាយប្រហារទៅលើទីតាំងរបស់ជនស៊ីវិលណាមួយរបស់ភាគីថៃ”។
លោកស្រីបន្តការអះអាងថា កម្ពុជានៅតែជាប្រទេសរងគ្រោះពីរំលោភបំពានដោយគ្មានញញើតពីភាគីថៃ ។
ក្នុងនាមកងទ័ពជួរមុខនិងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការឈ្លានពានដោយខុសច្បាប់របស់ភាគីថៃ លោកស្រីបានថ្លែងអំណរគុណដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈដែលបានគាំទ្រនិងឧបត្ថម្ភចំពោះគ្រឿងឧបភោគបរិភោគនិងសម្ភារៈនានាដល់វីរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងប្រយុទ្ធជាមួយចោរថៃនៅសមរភូមិជួរមុខ ៕
