ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារ ដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា នៅតាមតំបន់ជាប់ព្រំដែន រួមមានតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី ប្រាសាទព្រះវិហារ និងតំបន់ផ្សេងៗទៀត ដែលជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់ និងលិខិតតូបករណ៍អន្តរជាតិ។
គ.ជ.ប សូមគាំទ្ររាល់វិធានការឆ្លើយតបនានា របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី ជីវិតប្រជាជន និងឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ ប្រឆាំងនឹងការឈ្លានពាន របស់កងកម្លាំងប្រដាប់អាវុធរបស់ថៃ ដែលបានធ្វើការវាយប្រហារមុន ដោយប្រើអាវុធធន់ធ្ងន់ រួមមានការប្រើយន្តហោះចម្បាំង និងគ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ ដោយអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨។ល។
ថ្នាក់ដឹកនាំ និងមន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ សូមសម្តែងនូវការគោរព និងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរភាព និងបទវិន័យរបស់កងយោធពលខេមរភូមិន្ទ ដែលបានបំពេញកាតព្វកិច្ចការពារជាតិ ប្រកបដោយភាពមោះមុត និងកិត្តិយសបំផុត នៅចំពោះការឈ្លានពានពីប្រទេសថៃនេះ។
គ.ជ.ប សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបរក្សាសាមគ្គីភាពគ្នាជាធ្លុងមួយ និងសូមជឿជាក់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពកម្ពុជាដែលបាន និងកំពុងឈរជើង ការពារបូរណភាពទឹកដីនៅសមរភូមិមុខ។
គ.ជ.ប ក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន និងបណ្តាប្រទេសនានា នៅលើសកលលោកដែលស្រលាញ់សន្តិភាព សូមចាត់វិធានការជាបន្ទាន់ និងដាច់ខាត ដើម្បីឆ្លើយតប ទៅនឹងការរំលោភបំពានដ៏ធ្ងន់ធ្ងរនេះ៕
