ព័ត៌មានជាតិ

កម្ពុជា ច្រានចោលការ ចោទប្រកាន់របស់ថៃថា កម្ពុជាបាញ់គ្រាប់ផ្លោងចូលទឹកដីឡាវ

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះភាគីថៃ បានទម្លាក់កំហុសទាំងងងឹតងងើលើកម្ពុជាថា ជាអ្នកបាញ់គ្រាប់ផ្លោង ចូលក្នុងទឹកដីប្រទេសឡាវ ចំនួន១០គ្រាប់ ។

លោកស្រី ម៉ាលី សុជាតាមានប្រសាសន៍ក្នុងសន្និសីទ សារព័ត៌មាននារសៀលថ្ងៃ២៦ កក្កដា ថា ចំពោះការបាញ់គ្រាប់របស់ភាគីថៃចូលក្នុងទឹកដីឡាវនោះ បែរជាភាគីថៃបានចោទប្រកាន់មកលើកម្ពុជា ដោយគ្មានការអៀនខ្មាស់ទៅវិញ ខណៈខ្លួនជាអ្នកបង្កបញ្ហានេះ ។

លោកស្រីបញ្ជាក់ថា “ក្រសួងការពារជាតិកម្ពុជា សូមច្រានចោលទាំងស្រុងនូវ និងថ្កោលទោសដាច់អហង្ការចំពោះការចោទប្រកាន់ភូតភរ ចេតនាព្យាបាទពីភាគីថៃ ដែលថាកម្ពុជា បានបាញ់គ្រាប់ផ្លោងចូលទឹកដីឡាវ ទាំងដែលអាជ្ញាធរឡាវមិនបានធ្វើការចោទប្រកាន់ ឬក៏មិនទាន់បានបើកការសស៊ើបអង្កេត លើករណីនេះនៅឡើយ” ។

លោកស្រីបន្តថា កងខេមរភូមិន្ទកម្ពុជា បានធ្វើសកម្មភាពអត់ធ្មត់ខ្ពស់ ចំពោះការចោទប្រកាន់ទាំងបំពានមកលើកម្ពុជា ខណៈកម្ពុជា បានផ្តោតសំខាន់លើការវាយបក ទៅតែលើមូលដ្ឋានយោធាថៃប៉ុណ្ណោះ ៕

To Top