ព័ត៌មានជាតិ

ផលិតផលជិត២០០ស្តង់ ដាក់លក់បញ្ចុះតម្លៃរហូតដល់៨០% ក្នុងពិព័រណ៍ ១st Phnom Penh Shopping Festival នៅកោះពេជ្រ

ភ្នំពេញ៖ ផលិតផលជិត២០០ស្តង់ បានដាក់លក់បញ្ចុះតម្លៃរហូតដល់៨០% ក្នុងព្រឹត្តិការណ៍ពិព័រណ៍ ១st Phnom Penh Shopping Festival នៅមជ្ឈមណ្ឌលពិព័រណ៍នៅកោះពេជ្រ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ ១st Phnom Penh Shopping Festival នេះគឺជាពិព័រណ៍លក់លាងឃ្លាំងដំបូងគេ នៅកម្ពុជា ដែលដំណើរការដោយ Online ផង និង Offline ផង ហើយវានឹងក្លាយទៅជាពេលវេលាដ៏រីករាយសម្រាប់អ្នកទិញមកពីជុំវិញរាជធានីភ្នំពេញ ដើម្បីទទួលយកទំនិញដែលមានគុណភាពល្អៗនិងតម្លៃសមរម្យព្រមទាំងបញ្ចុះតម្លៃរហូតដល់ ៨០ %ផងដែរ។

ក្រុមហ៊ុន KHB Event ដែលជាក្រុមហ៊ុនរៀបចំមហាព្រឹត្តិការណ៍នេះ និងមានបទពិសោធជាង១០ឆ្នាំ  បានខិតខំយ៉ាងខ្លាំងក្នុងការធ្វើឲ្យព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាឱកាសសម្រាប់បណ្តាក្រុមហ៊ុនអាជីវកម្មនានា ក្នុងការដាក់តាំងបង្ហាញទីផ្សារឬដាក់លក់ផលិតផលបញ្ចុះតម្លៃរបស់ខ្លួន ឲ្យបានកាន់តែច្រើនបន្ថែមទៀតសម្រាប់ពេលវេលា នាពាក់កណ្តាលឆ្នាំ២០២៥នេះ។

លោក Tim Vutha  ប្រធានគ្រប់គ្រងក្រុមហ៊ុន KHB Events បានលើកឡើងថា ការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាផ្នែកមួយនៃការជួយធ្វើទីផ្សារឱ្យទូលំទូលាយ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចំរើនឡើងវិញ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច និង នយោបាយពិភពលោក នារយៈពេលចុងក្រោយនេះ។ លោកបន្ថែមថា ការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌ 1st Phnom Penh Shopping Festival នៅថ្ងៃទី២៦ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នឹងជួយលក់នូវផលិតផលរបស់ម្ចាស់អាជីវកម្ម ដែលនៅសល់ច្រើន អាចលក់លៀងឃ្លាំងរបស់ខ្លួន ។ មហាព្រឹត្តិការណ៍នេះ ក៏នឹងរួមចំណែកជួយដល់ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនទាំងឡាយអាចផ្សារភ្ជាប់ទៅកាន់អតិថិជនគោលដៅបានប្រសើរជាងមុន ទទួលយកមតិផ្សេងៗ ជាពិសេសនាំអាជីវកម្មជាដៃគូទៅកាន់ការលក់តាមប្រព័ន្ធអនឡាញមួយកម្រិតទៀត។

ទាក់ទិននឹងពិព័រណ៍ពាណិជ្ជកម្មនេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា  ពិព័រណ៍ពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ មិនត្រឹមតែតាមរយៈពិព័រណ៍ពាណិជ្ជកម្ម សកម្មភាពទិញលក់ ការជំរុញការនាំចេញផលិតផល ការផ្តល់សេវាកម្ម ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីវប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ជូនអ្នកចូលរួមទស្សនាពិព័រណ៍ផងដែរ។ ព្រឹត្តិការណ៍នេះ ក៏បានទាក់ ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។

តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ក៏បានជំរុញចលនាឱ្យពាណិជ្ជករ និងផលិតករកម្ពុជា ខិតខំ ផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាពវេចខ្ចប់បានល្អត្រឹមត្រូវតាម ស្ដង់ដារ ដើម្បីបម្រើទីផ្សារ និងចូលរួម ប្រកួតប្រជែងក្នុងកម្រិតទីផ្សារអន្តរជាតិ។ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ក៏បានចូលរួមបង្កើតឱកាសធុរកិច្ច និងវិនិយោគ ដល់អាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ តាមរយៈ ព្រឹត្តការណ៍អមរួមមាន វេទិកាធុរកិច្ចពាណិជ្ជកម្មនិងវិនិយោគ ការផ្គូផ្គង់ធុរកិច្ច (អ្នកលក់និង អ្នកទិញ) សកម្មភាព តភ្ជាប់បណ្តាញធុរកិច្ច ទស្សនកិច្ចសិក្សា បេសសកម្មពាណិជ្ជកម្ម ជាដើម។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកកម្មកម្ពុជាឱ្យដឹងថា  ក្នុងឆ្នាំ២០២២ និង២០២៣  ប្រទេសកម្ពុជាមានការររៀបចំពិព័រណ៌ពាំណិជ្ជកម្មចំនួន៥២លើក។ដោយឡែក គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និងវិស័យឯកជន (ដែល បានស្នើមកក្រសួងពាណិជ្ជកម្ម) បានរៀបចំចំនួន៤១លើក និងមានការទាក់ទាញ និងចូលរួម គាំទ្រយ៉ាងផុសផុល៕

To Top