ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១ មានសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់ បានសម្រុកនាំគ្នាមកប្រគល់អំណោយ ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ឱ្យសប្បុរសជនជួយបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារនិងថ្នាំពេទ្យ ដើម្បីយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃ
ឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា ។

ពិធីប្រគល់និងទទួលបានធ្វើឡើង ចាប់តាំងពីក្រោយចេញសេចក្ដីអំពានាវ នាព្រឹកថ្ងៃ២៦កក្ដដានេះ ហើយក្រុមការងារបានធ្វើការទទួលជាបន្តបន្ទាប់ រហូតមកដល់រសៀលមានវត្តមាន លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ក៏បានអញ្ជើញមកដោយផ្ទាល់ រួមជាមួយអភិបាលរងរាជធានី និងនាយក នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវ កាលពីព្រឹកថ្ងៃដដែរនេះ ពោលគឺការអំពាវនាវមិនបានប៉ុន្មានម៉ោង ក៏មានសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់ បានសម្រុកនាំគ្នាមកប្រគល់អំណោយ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដែលមានទាំងថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថ្នាំពេទ្យផងដែរ ដើម្បីយកទៅចែកជូនដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀស ខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

នៅល្ងាចថ្ងៃដដែរនេះលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នេះជាខឿនការពារជាតិ ប្រជាជនធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន ជាច្រើន បានចូលរួមយ៉ាងស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតប ជាមួយនឹងការលះ បង់សាច់ស្រស់ឈាម ស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ពីចោរថៃឈ្លានពានជាមួយនឹងការចូលរួមរំលែក ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋជាជនភាសឹក ដែលកំពុងតែជ្រកកោន នៅតាមទីតាំងសុវត្ថិភាពនានា។

ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរជួយខ្មែរ។ សកម្មភាពនេះបាន បង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរៈកង ទ័ពជួរមុខ ដែលបាននឹងកំពុង ខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

លោកស្រីដោ សម្ផស្ស អ្នបានបញ្ជាក់ទៀតថា គិតត្រឹមម៉ោង៤និង៥៨នាទីរសៀលនេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានថវិកាជាប្រាក់ដុល្លារ សរុបចំនួន១០ម៉ឺន៤២៣៨ដុល្លារ និងជាប្រាក់រៀល សរុបចំនួន៣៧៦លាន៥៦៧៦៣៩រៀល រួមទាំងអំណោយ ជាគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសំភារៈផ្សេងៗមួយចំនួនធំទៀត។ សូមជម្រាបបងប្អូនសប្បុរសជននានា អាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតបានដោយរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារចាំទទួល សំភារៈនិងថវិកា តាមរយៈQR Code។

ក្នុងឱកាសនេះ លោក ឃួង ស្រេង បានថ្លែងអំណរគុណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ កំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ។ សូមអរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយខ្មែរ ៕







