ព័ត៌មានជាតិ

សម្តេចធិបតី សង្ឃឹមថាភាគីថៃ នឹងមិនកែប្រែជំហរម្តងទៀត ជាមួយនិងសំណេីប្រធានាធិបតី អាមេរិក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថាភាគីថៃ នឹងមិនកែប្រែជំហរ ជាមួយនិងសំណេីរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា ដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដា ក្រោមការជួយសម្របសម្រួល របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនោះទេ។

តាមរយៈបណ្តាញសង្គម នាព្រឹកទាភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុ ន ម៉ាណែត បា នបញ្ជាក់ថា នាយប់ថ្ងៃសៅរ៍ទី២៦ កក្កដា ២០២៥ សម្តេចបានពិភាក្សាតាមទូរសព្ទជាមួយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា ដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។

សម្តេចធិបតី បានឱ្យដឹងថា ក្នុងកិច្ចសន្ទនានោះ លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈ របស់ខ្លួន ដែលមិនចង់ឃើញមានសង្គ្រាម ឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់ និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ព និងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយ បានជាលោក Donald Trump តែងតែខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យ នូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើន នៅលើពិភពលោក។

សម្តេចធិបតី អះអាងថា ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ លោកប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ជា មួយប្រធានាធិបតី Donald Trump ថា កម្ពុជាឯកភាពជាមួយសំណើឱ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះ សម្តេចធ្លាប់បានបញ្ជាក់ជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន កាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ។

បន្ថែមលេីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាដំណឹងល្អ ដែលសម្តេចបានទទួលពីលោក Donald Trump ក្រោយពីលោកបានពិភាក្សា ជាមួយលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើ របស់លោកប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងដ៏ល្អ សម្រាប់កងទ័ពនិងប្រជាជន នៃប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាភាគីថៃ នឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដាក្រោមការជួយសម្របសម្រួល របស់លោក Anwar Ibrahim នោះទេ។

ក្នុងនោះសម្តេចធិបតី បានប្រគល់ភារកិច្ចជូនលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អោយបន្តកិច្ចការងារនេះ ដោយពិភាក្សាជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅ ឈានទៅអនុវត្តគោលការណ៍ ដែលបានព្រមព្រៀងគ្នា ឲ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់ និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង។

សម្តេចធិបតី បាអរគុណ ដល់លោកប្រធានាធិបតី Donald Trump ដែលបានផ្តួចផ្ដើមគំនិត និងសម្របសម្រួលដើម្បីស្វែងរកការឈប់បាញ់ភ្លាម និងសន្តិភាពរវាងកម្ពុជា និងថៃនាពេលនេះ។

សម្តេចធិបតី គូសបញ្ជាក់ថា លទ្ធផលដ៏ល្អនេះពិតជានឹងជួយការពារអាយុជីវិត របស់កងទ័ពនិងដូចប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ ទាំងខ្មែរទាំងថៃ ដែលអាចបាត់បង់ដោយសារការប្រយុទ្ធគ្នា ឬក៏រងរបួស និងជួយឲ្យជនភៀសខ្លួន រាប់សែននាក់ អាចបានត្រឡប់ទៅរស់នៅ ក្នុងភូមិឋានរបស់ខ្លួនវិញដើម្បីបន្តដំណើរការជីវិត ជាប្រចាំថ្ងៃរបស់ពួកគាត់ដោយសេចក្តីសុខនិងសន្តិភាព៕

To Top