ព័ត៌មានជាតិ

ឈ្មួញវៀតណាម ដឹកជ្រូក៣០០ក្បាល ចូលដីខ្មែរ ត្រូវសមត្ថកិច្ចបង្ក្រាប នៅស្រុករំដួល ខេត្តស្វាយរៀង

ស្វាយរៀង ៖ ឈ្មួញជនជាតិវៀតណាម ដឹកជ្រូកចំនួន៣០០ក្បាល តាមរថយន្ត៤គ្រឿង វង្វេងចូលដីខ្មែរ ជិតច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល ត្រូវសមត្ថកិច្ចការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បង្ក្រាបយកមកសួរនាំ ស្រាប់តែមានអ្នកចេញមុខ ដោះស្រាយប្រាប់ថា ជ្រូកខ្មែរទេ គឺជ្រូកក្រុមហ៊ុនស៊ីភី ដឹកមកលក់ឲ្យវៀតណាម នាំចេញទៅប្រទេសវៀតណាម ហើយទំនងវង្វេងផ្លូវ រកផ្លូវចេញទៅវៀតណាមអត់ឃើញ។

ការបង្ក្រាបជ្រូកវៀតណាមនេះ កើតឡើងកាលពីវេលាម៉ោង៥និង០០នាទី ព្រឹកថ្ងៃទី០៤ វិច្ឆិកា ២០១៩ នៅចំណុចជិត ច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល។ រថយន្តដឹកជ្រូក៣០០ក្បាលនោះ ទី១ ម៉ាកហ៊ីយិនដាយ ពាក់ស្លាកលេខវៀតណាម 60C.371.47 ទី២ ពាក់ស្លាកលេខ 60C270.02 ទី៣ ពាក់ស្លាកលេខ 60C310.04 និងរថយន្តទី៤ ពាក់ស្លាកលេខ 61C.360.69 អ្នកបើកបរជនជាតិវៀតណាម និងអ្នករួមដំណើរ១២នាក់។

ទាក់ទិនករណីខាងលើនេះដែរ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង បានអ្នកសារព័ត៌មានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចក្រុមចល័ត នៃការិយាល័យជំនាញ នៃមន្ទីរកសិកម្មខេត្តចុះល្បាត បានជួបរថយន្តជនជាតិវៀតណាម ចំនួន០៤គ្រឿង កំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ ចំណុចជិតច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមនស្រុករំដួល ដែលមានជ្រូកប្រមាណ៣០០ក្បាល សង្ស័យថាជ្រូកវៀតណាម ទើបបញ្ជូនមកកាន់ មន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ ដោយជនជាតិវៀតណាមទាំងនោះ ពុំមានម្នាក់ណាចេះភាសាខ្មែរសោះ។

ក្រោយពីពិនិត្យនិងសាកសួរ ក៏មានអ្នកមកចូលដោះស្រាយ ដោយអះអាងថា ជាជ្រូកខ្មែរ គឺជ្រូករបស់ក្រុមហ៊ុនស៊ីភី ដោយមានច្បាប់អនុញ្ញាត របស់ក្រុមហ៊ុនស៊ីភី នាំចេញពីខេត្តកំពង់ស្ពឺ មកចែកចាយក្នុងខេត្តស្វាយរៀង ក៏ប៉ុន្តែបុគ្គលិកក្រុមហ៊ុនស៊ីភី បានលក់ទៅឲ្យឈ្មួញវៀតណាម នាំចេញទៅប្រទេសវៀតណាម ដោយតម្លៃជ្រូកនៅប្រទេសវៀតណាម ថ្លៃជាងជ្រូកស្រុកខ្មែរ។ ជ្រូករស់ក្នុង១គីឡូតម្លៃ ២,៥០ដុល្លារ ឬ ១ម៉ឺនរៀល ហើយនៅប្រទេសវៀតណាម ជ្រូករស់១គីឡូ តម្លៃ២ដុល្លារ៩កាក់។

ដោយវៀតណាម ចូលមកទិញជ្រូកខ្មែរ ហើយគ្មានច្បាប់នាំចេញ ទើបឃាត់មកសាកសួរ និងបូមឈាមជ្រូក ទៅនាយកដ្ឋានផលិតកម្មសត្វ នៅរាជធានីភ្នំពេញ ដើម្បីចូលមន្ទីរពិសោធន៍ ពិនិត្យ ប្រសិនបើគ្មានផ្ទុកមេរោគទេ មន្ទីរនិងប្រគល់ឲ្យម្ចាស់ យកទៅលក់ចែកចាយ ក្នុងខេត្តស្វាយរៀង មិនអនុញ្ញាតឲ្យនាំចេញ ទៅប្រទេសវៀតណាមទេ ហើយបើមានផ្ទុកមេរោគយើង និងកំទេចចោល។

ប្រភពបានបន្តថា ហើយមកដល់វេលា ម៉ោង១និង០០នាទីរសៀល ថ្ងៃទី០៥វិច្ឆិកា២០១៩នេះ ជ្រូកដែលចាប់មកនោះ ងាប់អស់៦០ក្បាល ហើយនិងបានកប់ចោល ចំនួន៤០ក្បាល នាព្រឹកថ្ងៃទី៥វិច្ឆិកានេះ និង២០ក្បាលទៀត កំពុងត្រៀមយកទៅកប់ចោលទៀត។

ទោះបីយ៉ាងណា មហាជនបានដាក់ការសង្ស័យថា ជាជ្រូកវៀតណាម មិនមែនជាជ្រូកខ្មែរទេ ដោយពួកគាត់បង្ហើបឲ្យដឹងថា កន្លងមកគេឃើញវៀតណាម ដឹកជ្រូកវៀតណាម ចូលមកស្រុកខ្មែរ តាមច្រកទ្វាព្រំដែន តំបន់ខ្សែដែក ឃុំត្រស់ ស្រុករមាសហែក ហើយទំនងអ្នកបើកបររថយន្តវៀតណាម វង្វេងផ្លូវ ទើបបើកមកចូលតាម ច្រកទ្វាព្រំដែនបុស្សមន ក៏ត្រូវមន្ត្រីពេទ្យសត្វចុះបង្ក្រាបតែម្តង។

ដោយការដឹកជ្រូកខុសច្បាប់ ទើបដឹកចេញចូលតែនៅពេលយប់ ហើយសមត្ថកិច្ចឈរជើង តាមច្រកទ្វាព្រំដែនសម្រូល ឲ្យចេញចូលយ៉ាងរលូន ហើយអ្វីដែលព្រួយបារម្ភ ក្នុងជ្រូក៣០០ក្បាល មានជ្រូកងាប់៤០ក្បាល មិនដឹងថា ជាជ្រូកឈឺ ឬយ៉ាងណាទេ ហើយបើនាំជ្រូកឈឺងាប់ ចូលមកពីវៀតណាម មកលក់នៅផ្សារ ក្នុងខេត្តស្វាយរៀងវិញនោះ មិនដឹងថា ប៉ះពាល់សុខភាព អ្នកបរិភោគសាច់ជ្រូក ឬយ៉ាងណានោះទេ!៕

To Top