ជប៉ុន៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅ និងធ្វើការនៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រមូលផ្ដុំគ្នាតវ៉ា និងថ្កោលទោស ប្រឆាំងនឹងការឈ្លានពាន របស់សៀមមកលើអធិបតីភាព នៃព្រះរាជាណាចក្រកម្ពុជា ។ ការជួបជុំនេះ គឺធ្វើឡើងពីពលរដ្ឋខ្មែរ គ្រប់និន្នាការទាំងអស់ ដើម្បីបញ្ជូនសារប្រឆាំងការឈ្លានពានថៃ និងគាំទ្រវីរៈកងទ័ពខ្មែរ ដែលអង់អាចក្លាហានការពារបូរណភាពទឹកដី។

សម្រាប់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនបានជួបជុំគ្នាចំនួន ៣ទីតាំងក្នុងនោះរួមមានការជួបជុំ នៅស្រុកអាយកាវ៉ា ខេត្តកាណាហ្គាវ៉ា ការជួបជុំនៅក្រុងតូយ៉ូហាស៊ី ខេត្តអាយឈិ និងការជួបជុំនៅតារាងបាល់ទាត់ NishiGifu នៅខេត្តហ្គិហ្វុ ប្រទេសជប៉ុន ដែលសរុបមានប្រមាណជិត ៥០០នាក់។

សូមបញ្ជាក់ថាក្រៅពីការប្រមូលផ្តុំនាពេលនេះ ពលរដ្ឋខ្មែរនៅជប៉ុន នឹងបន្តប្រមូលផ្តុំជាបន្តបន្ទាប់ដើម្បីបង្ហាញការរួបរួមគ្នាជាមួយពលរដ្ឋក្នុងស្រុក និងរដ្ឋាភិបាលកម្ពុជាប្រឆាំងការឈ្លានពានពីសំណាក់ទាហានថៃមកលើកម្ពុជា។

គួររំលឹកថា ក្រៅពីប្រទេសជប៉ុន ពលរដ្ឋខ្មែរនៅលើពិភពលោក ដែលរួមមានកូរ៉េ និងអូស្ត្រាលីជាដើម បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំង ការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កវិនាសកម្មដល់អាយុជីវិតមនុស្ស និងប្រាង្គប្រាសាទ ដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ហើយការឈ្លានពានរបស់ថៃនេះ បានបណ្តាលឱ្យពលរដ្ឋរាប់ម៉ឺននាក់ចាកចេញពីផ្ទះសំបែងថែមទៀតផង៕






