ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងការងារ ទទួលស្វាគមន៍បងប្អូនពលករខ្មែរ ដែលសម្រុកត្រឡប់ មកពីប្រទេសថៃនៅព្រំដែន

បាត់ដំបង ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដំណើរដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះទៅទទួលស្វាគមន៍ បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅតាមច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងខេត្តបាត់ដំបង ។

លោក ហេង សួរ បានទៅដល់ទីតាំងច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងខេត្តបាត់ដំបង ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ។ តាមរយៈការចុះផ្ទាល់ លោកបានអំពាវនាវឱ្យពលរដ្ឋ និងពលករខ្មែរចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក ដែលកំពុងប្រចាំការនៅ​ច្រក​ព្រំដែន​អន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងខេត្តបាត់ដំបង។

មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តីរាជការនៃអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់​ព័ត៌មានស្តី​អំពីឱកាស​ការ​ងារ​ ដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូរ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕

To Top