ព័ត៌មានជាតិ

សម្តេចធិបតី នឹងចូលរួមកិច្ចប្រជុំពិសេសមួយ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ អាមេរិកសហរៀបចំ និងមានតំណាងចិន ដេីម្បីសម្រេចបទឈប់បាញ់គ្នាបន្ទាន់

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចនឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសមួយ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។

យោងតាមបណ្តាញសង្គម​ របស់សម្តេចធិបតីនារាត្រីថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០​២៥នេះ​ បា​នបញ្ជាក់ថា​ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើម​ របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានថ្លែងអរគុណលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួល អោយមានកិច្ចប្រជុំនេះផងដែរ ៕

To Top