ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កងទ័ពថៃនៅតែបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជាឥតឈប់

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា កងទ័ពថៃនៅតែបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជាឥតឈប់ឈររហូតមកដល់ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បើទោះបីជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ក៏ដោយ ។

ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា» លោកប៉ែន បូណា បានមានប្រសាសន៍ថា ការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាបានឈានមកដល់ថ្ងៃទី៥ហើយ ដែលកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកម្ពុជាតាំងពីថ្ងៃ២៤ កក្កដា ។

លោកបន្តថា ប៉ុន្តែជាការកត់សម្គាល់ថៃនៅតែព្រហើនបំពានទៅនឹងសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានស្នើឲ្យមានបទឈប់បាញ់ ។

ប្រធានអង្គភាពអ្នកនាំពាក្យគូសបញ្ជាក់ថា “ពេញមួយថ្ងៃម្សិលមិញនេះ កងទ័ពថៃនៅតែបន្តវាយប្រហារមកលើកងទ័ពកម្ពុជាឥតឈប់ឈរទេ រហូតមកទល់ពេលនេះ”។

សម្រាប់សំណើឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាងប្រទេសទាំងពីរពីសំណាប្រទេសមហាអំណាចសហរដ្ឋអាមេរិក គឺជាសមស្របបំផុតទៅនឹងអ្វីដែលកម្ពុជាចង់បាន ព្រោះកម្ពុជាឈរនៅខាងសន្តិភាព និងគោរពច្បាប់អន្តរជាតិ ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា កងទ័ពឈ្លានថៃបានសម្រុកវាយប្រហារយ៉ាងរន្ថើននៅតំបន់៥មករា ដើម្បីដណ្តើមយកវត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែកងកម្លាំងកម្ពុជានៅឈររឹងមាំ តស៊ូយ៉ាងស្វិតស្វាញ មិនញញើតនឹងសត្រូវឡើយ៕

To Top