ព័ត៌មានជាតិ

ពលរដ្ឋជាង ៥ម៉ឺននាក់ ត្រូវបានជម្លៀស ពីតំបន់សមរភូមិ មកស្នាក់នៅ ក្នុងភូមិសាស្ត្រខេត្តសៀមរាប

សៀមរាប ៖ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ បានជម្លៀសចេញពីតំបន់ សមរភូមិខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មកទីតាំងសុវត្ថិភាព និងលំនៅឋាន តាមបណ្តាក្រុង ស្រុក ទាំង១៣ ក្នុងខេត្តសៀមរាប ចំនួន ១៤ ៨១២គ្រួសារ ស្មើនឹងចំនួន ៥០ ៦៣០នាក់ ដែលនៅតាមទីតាំងសុវត្ថិភាព រៀបចំដោយរដ្ឋបាលក្រុង ស្រុក សរុប ១៣៨ទីតាំង និងផ្ទះប្រជាពលរដ្ឋ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ទីតាំងមួយចំនួន នៅមានការខ្វះខាតសម្ភារ ដូចជា មុង ភួយ ថ្នាំមូស សម្រាប់ការពារមូស ដោយសារមានមូសច្រើន ព្រមទាំងការខ្វះខាតសម្ភារប្រើប្រាស់ និងស្បៀង ដោយសារការជម្លៀសមកបន្ទាន់ ដោយពុំបានរៀបចំសម្ភារៈមកបានគ្រប់គ្រាន់ និងពិបាកដឹកជញ្ជូនជាដើម ដែលជាឆ្លើយតបរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមជាមួយសប្បុរសជន កំពុងរៀបចំជាបន្តបន្ទាប់។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវ ដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់ ខ្ពស់ចំពោះសន្តិសុខ សុខភាព និងការផ្គត់ផ្គង់អាហារដល់បងប្អូន ឱ្យបានគ្រប់គ្រាន់បន្តទៀត។

រដ្ឋបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនបានឧបត្ថម្ភគាំទ្រ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដល់ប្រជាពលរដ្ឋ ដែលបានជម្លៀសមកស្នាក់នៅទីតាំង សុវត្ថិភាពក្នុងខេត្តសៀមរាប៕

To Top