ព័ត៌មានជាតិ

មេដឹកនាំ​កម្ពុជា​និង​ថៃ​ បើក​កិច្ច​ចរចា​​ បទ​ឈប់​បាញ់​គ្នា​នៅ​ម៉ាឡេស៊ី ខណៈ​ជម្លោះ​តាម​ព្រំដែន​ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥

មេដឹកនាំ​ថៃ និង​កម្ពុជា​ កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ក្នុង​កិច្ច​ប្រឹងប្រែង​ជា​បន្ទាន់​មួយ ​ដើម្បី​ដោះស្រាយ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​ព្រំដែន ​ដែល​ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥ បើ​ទោះ​បី​ជា​មាន​ការ​អំពាវនាវ ​អន្តរជាតិ​ឱ្យ​មាន​សន្តិភាព​ក៏​ដោយ ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី​ ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai គ្រោងនឹងជួបពិភាក្សាគ្នា នៅរសៀលថ្ងៃច័ន្ទនេះ នៅឯគេហដ្ឋានផ្លូវការ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលកំពុងធ្វើជាម្ចាស់ផ្ទះការចរចា ក្នុងនាមជាប្រធានប្លុកតំបន់ សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍។

ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ បន្ទាប់​ពី​ការ​ផ្ទុះ​គ្រាប់​មីន​នៅ​តាម​ព្រំដែន​ បាន​ធ្វើ​ឲ្យ​ទាហាន​ថៃ​ប្រាំ​នាក់​រង​របួស។ ភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការចាប់ផ្តើមការប៉ះទង្គិចគ្នា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥នាក់ និងបានជម្លៀសមនុស្សជាង ២៦ម៉ឺននាក់ទាំងសងខាង ។ ប្រទេសទាំងពីរបានបិទស្ថានទូតរបស់ខ្លួន និងថៃបិទច្រកព្រំដែនទាំងអស់ ជាមួយកម្ពុជា ដោយលើកលែងចំពោះពលករខ្មែរចំណាកស្រុក ដែលត្រឡប់ទៅប្រទេសកំណើតវិញ ។

ទាហាន​ពី​ភាគី​ទាំង​ពីរ​បាន​រាយការណ៍​ថា ​ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​នៅ​ថ្ងៃ​ចន្ទ​នេះ​ នៅ​តាម​តំបន់​ព្រំដែន ។ អ្នកយកព័ត៌មាន Associated Press ដែលរាយការណ៍ពីជម្លោះបាននិយាយថា សំឡេងកាំភ្លើងអាចឮនៅពេលព្រលឹមស្រាងៗ នៅក្នុងភូមិសាស្រ្តស្រុកសំរោង ក្នុងខេត្តឧត្តរមានជ័យ របស់កម្ពុជា ៕

To Top