ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមបាល់ទាត់វ័យចាស់ K8 ដឹកនាំដោយលោក រិទ្ធ ឌីកា និងក្រុមបាល់ទាត់មិត្តវ័យចាស់ បានរៀបចំការប្រកួតមិត្តភាពផ្នែកមនុស្សធម៌ជួយបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារ និងថ្នាំពេទ្យ ដើម្បីយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា នៅស្តាតចាស់។

លោក អ៊ូ រតនា ដឹកនាំក្រុមបាល់ទាត់មិត្តវ័យចាស់ ប្រាប់ឲ្យដឹងថា ការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់វ័យចាស់ K8 ដឹកនាំដោយលោក រិទ្ធ ឌីកា និងក្រុមបាល់ទាត់វ័យមិត្តភាពកីឡា ក្រោមគំនិតផ្តួចផ្តើមរបស់លោក រិទ្ធ ឌីកា ប្រធានក្លិបក្រុមបាល់ទាត់វ័យចាស់ K8 ក្នុងការជួយឧបត្ថម្ភដល់ដល់វីរកងទ័ពជួរមុខ បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា មិនគិតថា យើងជាប្រជាជន កីឡាករ និងកីឡាការិនីត្រូវរួមគ្នាដើម្បីជួយគ្នា ដូច្នេះបានជាយើងមូលមតិគ្នាបង្កើតការប្រកួតទិញសម្ភារ។

លោក អ៊ូ រតនា បានបញ្ជាក់ថា សម្ភារទំាងអស់នេះបានមកពីមិត្តរួមក្រុម និងប្រជាពលរដ្ឋផ្សេងៗទៀត និងសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់បានសម្រុកនាំគ្នាមករួមចំណែកជាមួយយើង។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ កំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ។


លោក រិទ្ធ ឌីកា ប្រធានក្លិបក្រុមបាល់ទាត់វ័យចាស់ K8 បានមានប្រសាសន៍ថា សម្ភារទំាងអស់ជាការរួមគ្នារបស់ក្រុមបាល់ទាត់ទំាង ២ ក្រុម នេះបង្ហាញពីសកម្មភាពជួយជាតិទំាងអស់ ទោះបីសម្ភារតិចតួចមែន ប៉ុន្តែជាទឹកចិត្តក្នុងប្រជាពលរដ្ឋខ្មែរក្នុងស្មារតីស្នេហាជាតិជាធ្លុងមួយ ។ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថ្នាំពេទ្យផងដែរ ដើម្បីយកទៅចែកជូនដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋត្រូវបានជម្លៀស ខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានាក្នុងខេត្តព្រះវិហារ។

លោក បានបញ្ជាក់ថា លោកគោរពតាមនាយករដ្ឋមន្ត្រីក្នុងការប្រជុំជានិច្ច ដើម្បីដោះស្រាយដោយសន្តិវិធីក្នុងការឈប់បាញ់។ និយាយរួមលោកចង់ឲ្យមានការឈប់បាញ់គ្នា ដើម្បីឲ្យប្រជាជនខ្មែរបានសុខសប្បាយទំាងអស់គ្នា ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

ប្រធានក្លិបក្រុមបាល់ទាត់វ័យចាស់ K8 បានបន្ថែមថា ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ ស្មារតីខ្មែរជួយខ្មែរ។ សកម្មភាពនេះបាន បង្ហាញឲ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរៈកង ទ័ពជួរមុខ ដែលបាននឹងកំពុង ខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន៕
ដោយ៖ លី ភីលីព


