ព័ត៌មានជាតិ

សម្ដេចតេជោ ៖ សមិទ្ធផល នៃគំនិតផ្តួចផ្តើម ដ៏ប្រពៃរបស់ លោក ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្ស រាប់ពាន់ម៉ឺននាក់ ពីសង្រ្គាមកម្ពុជានិងថៃ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា សមិទ្ធផល នៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ ពីសង្រ្គាមកម្ពុជានិងថៃ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែ ន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្ដេច បានអរគុណចំពោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើត ឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាង កម្ពុជា និងថៃ ដែលគំនិតនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ បានជួយសង្រ្គោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជា និងថៃ។

លេីសពីនេះ សម្ដេច ក៏អរគុណដល់ លោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៉ីម ដែលបានជួយរៀបចំ ទីកន្លែងកិច្ចប្រជុំ និងបង្កើត ឲ្យមានកិច្ចព្រមព្រៀងបទ ឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព។

សម្ដេច ក៏អរគុណចំពោះមិត្តចិនដែលបានចូលរួមជួយ និងសូមអរគុណបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសូមអរគុណប្រជាជនកម្ពុជា និងប្រជាជនថៃ សូមអរគុណចំពោះកងទ័ពកម្ពុជា ព្រមទាំងកងទ័ពថៃ ដែលបានគាំទ្រដល់ដំណើរការសន្តិភាពមួយនេះ៕

To Top