ឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថានភាពតំបន់ក្តៅទាំង៣ តាមបន្ទាត់ព្រំដែន តាមាន់ តាក្របី និងថ្មដូន មានសភាពស្ងប់ស្ងាត់ ហើយជនភៀសសឹកនៅជំរំ កំពុងបន្តស្នាក់នៅ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ម៉េត មាសភក្តី។
សូមរំលឹកថា បទឈប់បាញ់ រវាងរដ្ឋាភិបាលកម្ពុជា-ថៃ បានចូលជាធរមានហើយ នៅម៉ោង ១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បទឈប់បាញ់នេះ ត្រូវបានឯកភាពគ្នា ក្នុងកិច្ចប្រជុំបន្ទាន់នៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រវាង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និង នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai ក្រោមការសម្របសម្រួលរបស់ លោក អានវ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៕
