ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញអំពីរូបភាព នៃការប្រព្រឹត្តិអំពើហិង្សាពី សំណាក់ក្រុមជ្រុលនិយមថៃ មកលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ។ ការបង្ហាញនេះ គឺធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាត្រីភាគី ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អង្គការវិជ្ជាជីវៈរបស់និយោជក, អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

ក្នុងពីធីបើកសិក្ខាសាលានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តដោយជោគជ័យនូវ កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) នាពេលកន្លងមកនេះ។ នៅក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន មាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត និងវៀតណាម ដែលអនុវត្តកម្មវិធីការងារ សមរម្យប្រចាំប្រទេស របស់អង្គការ ILO ហើយកម្ពុជា ជាប្រទេសមួយក្នុងចំណោម ៨ប្រទេសខាងលើ ដែលបានអនុវត្តកម្មវិធីនេះ យូរជាងគេ ពោលគឺចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ គឺកម្ពុជាកំពុងអនុវត្តដំណាក់កាលទី៦។ នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាដ៏រឹងមាំ ដើម្បីធ្វើឱ្យប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយតំណាងត្រីភាគី និងដៃគូ ពាក់ព័ន្ធ, និងការឆ្លើយតបយ៉ាងទាន់ ពេលវេលាទៅ នឹងបញ្ហាប្រឈមការងារនានា ដែលស្របទៅតាមការអនុវត្តយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិមុនៗ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។
ដោយផ្អែកលើស្ថានភាព បច្ចុប្បន្ន លោករដ្ឋមន្ត្រីក៏បានយកឱកាសនេះដើម្បីឱ្យអង្គសិក្ខាសាលាទាំងមូល ជាពិសេស អង្គការ ILO បន្ថែមការចាប់អារម្មណ៍ លើការលេចចេញនូវសកម្មភាព រើសអើង និងអំពើហិង្សាមួយចំនួនទៅលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ពីសំណាក់ក្រុមជ្រុលនិយមថៃ ។ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគី ពាក់ព័ន្ធទាំងអស់ ពិចារណាពិភាក្សារកដំណោះស្រាយ ជាក់ស្ដែងលើកស្ទួយដល់ សិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក៏ដូចជាអ្នកដែលបាននិងកំពុងវិលចូលមកស្រុកវិញយ៉ាងគំហុក ដោយសារតែពួកគាត់ព្រួយបារម្ភចំពោះសុវត្ថិភាព។ លោករដ្ឋមន្ត្រី បានលើកជាសំណូមពរដល់ អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ (IOM) រួមទាំងការិយាល័យនៃអង្គការទាំង២ ប្រចាំនៅប្រទេសកម្ពុជា និងប្រទេសថៃ ដោយស្នើឱ្យមានកិច្ច អន្តរាគមន៍ភ្លាមៗ ប្រឆាំងការរើសអើង និងការប្រើហិង្សាលើពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សំដៅលើកកម្ពស់សិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់ពួកគាត់ ស្របតាមលិខិតបទដ្ឋានអន្តរជាតិ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាត្រីភាគី ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារ សមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» មានសមាសភាពចូលរួមពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងពាក់ព័ន្ធ, អង្គការអន្តរជាតិខាងការងារ (ILO), សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), ក្រុមប្រឹក្សាសហជីពជាតិសម្រាប់កម្មវិធី DWCP សរុបប្រមាណជិត១០០នាក់៕
