ព័ត៌មានជាតិ

សាស្រ្តាចារ្យឈាង រ៉ា ចុះពិនិត្យស្ថានភាពស្នាក់នៅ របស់ជនភៀសសឹក នៅឧត្តរមានជ័យ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅរសៀលថ្ងៃ២៩ កក្កដា បានបន្តដំណើរចុះពិនិត្យស្ថានភាពស្នាក់នៅ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាជនភៀសសឹក នៅទីសុវត្ថិភាព ខេត្តឧត្តរមានជ័យ។

ឱកាសនោះសាស្រ្តាចារ្យ បានពាំនាំការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងសុខាភិបាល ដើម្បីអាចជួយដោះស្រាយជីវភាពពលរដ្ឋ ក្នុងស្ថានភាពលំបាកនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមកន្លែងស្នាក់នៅ និងណែនាំអំពីការថែទាំសុខភាពឲ្យអនុវត្តវិធានការសុខាភិបាលខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត សម្រាកក្នុងមុងបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុនចាញ់ និងចំអិនអាហារឲ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាគរូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត។

សាស្ត្រាចារ្យ ក៏បានចុះសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅស្តង់ប្រចំាការសុខភាព និងកោតសរសើរមន្រ្តីសុខាភិបាលដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស៕

To Top