ព័ត៌មានជាតិ

លោកស្រីម៉ាលី សុជាតា ៖ សង្គ្រាមនឹងត្រូវបញ្ចប់ ជំនួសមកវិញ ដោយសន្តិភាព

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា ទាក់ទងទៅនឹង ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបានបញ្ចប់ កាលពីប៉ុន្មានថ្ងៃមកនេះ សបញ្ជាក់ថា សង្គ្រាមនឹងត្រូវ បានបញ្ចប់ ជំនួសមកវិញ ដោយសុខសន្តិភាព ខណៈលទ្ធផល នៃការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ព កម្ពុជា-ថៃ បានវិវឌ្ឍន៍យ៉ាងជោគជ័យ ជាជំហានៗគួរឲ្យកត់សម្គាល់ ។

ក្នុងសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាថ្ងៃ៣១ កក្កដា លោកស្រី ម៉ាលី សុជាតាបានថ្លែងថា កងទ័ពកម្ពុជា-ថៃបានគោរព និងអនុវត្តនូវកិច្ចព្រមព្រៀង បទឈប់បាញ់ ដែលបានចូលជាធរមាន នារាត្រីថ្ងៃ២៨ កក្កដាបានយ៉ាងល្អប្រសើរ ។ ទន្ទឹមនឹងនេះបណ្តាមេភូមិភាគរវាងកម្ពុជា-ថៃក៏បានជួបប្រជុំគ្នាជាបន្តបន្ទាប់ ដើម្បីអនុវត្តតាមព្រមព្រៀងបទឈប់បាញ់ ។

លោកស្រីបញ្ជាក់ថា “លទ្ធផលជាវិជ្ជមានមួយចំនួន ដែលយើងទទួលបានពីបទឈប់បាញ់ ចូលជាធរមាន យើងឃើញថា សកម្មភាពជាជំហានៗបានវិវឌ្ឍន៍ទៅគឺបានទទួល នូវកិច្ចព្រមព្រៀងឈប់បាញ់ ទទួលបានជោគជ័យជាជំហានថា ធានាថា សង្គ្រាមនឹងត្រូវបញ្ចប់ ជំនួសមកវិញដោយសុខសន្តិភាព” ។

លោកស្រីបន្តថា ប្រទេសម៉ាឡេស៊ីដែលជាប្រធានកិច្ចប្រជុំសម្របសម្រួល បទឈប់បាញ់ក៏បានបញ្ជូនគណៈប្រតិភូ អគ្គមេបញ្ជាការម៉ាឡេស៊ីមកកម្ពុជា ដោយបានចុះទៅដល់បន្ទាត់ព្រំដែនកម្ពុជា-ថៃផងដែរ ។ ជាមួយគ្នានេះដែរ ភាគីកម្ពុជា-ថៃក៏បានកំណត់កិច្ចប្រជុំ គណៈកម្មការព្រំដែនទូទៅ(GBC) នាថ្ងៃ៤ សីហា ខាងមុខ។

អ្នកនាំពាក្យបន្ថែមថា ជំហានទាំងអស់នេះហើយ បានសបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាបានអនុវត្តនូវកិច្ចព្រមព្រៀង បទឈប់បាញ់ យ៉ាងពេញលេញនិងម៉ត់ចត់បំផុត ។

សូមបញ្ជាក់ថា កងទ័ពកម្ពុជា-ថៃ បានអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់កាលពីម៉ោង០០និង០០នាទី កាលពីរាត្រី២៨ កក្កដា បន្ទាប់ពីមានកិច្ចប្រជុំជាបន្ទាន់ មួយនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានអាមេរិកជាសហអ្នករៀបចំ ដោយមានតំណាងចិន ចូលរួមផងដែរ ៕

To Top