កំពង់ឆ្នាំង ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសព អនុសេនីយ៍ទោ ហេង តាំង បុគ្គលិកការិយាល័យទី១ កងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីទ័ពឈ្លានពានសៀម។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រ ព្រមទាំងបានវេរទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បាននាំយកសាររំលែកទុក្ខ និងថវិការបស់សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម និងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការជូនចំពោះប្រធានអង្គភាពកងទ័ពដែលវីរយុទ្ធជនបម្រើការងារមុនពលីផងដែរ។ ក្នុងឱកាសបុណ្យ៧ថ្ងៃនេះ ក៏មានការចូលរួមពីតំណាងសម្តេចមហាមន្រ្តី គុយ សុផល ដែលបាននាំយកបច្ច័យសម្តេចផ្ទាល់មកចូលរួមបុណ្យនេះផងដែរ ។

គួររំលឹកជូនផងដែរថា អនុសេនីយ៍ទោ ហេង តាំង បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធភ្នំទ្រព្យ កាលពីថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៤៥ឆ្នាំ៕

