បរទេស៖ ប៉ុន្មានម៉ោងបន្ទាប់ ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដំឡើងពន្ធ 25% លើទំនិញឥណ្ឌា ទីក្រុងញូវដែលីបាននិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាផលប្រយោជន៍របស់ពលរដ្ឋក្នុងស្រុក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មឥណ្ឌា បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ឥណ្ឌា និងសហរដ្ឋអាមេរិក បានចូលរួមក្នុងការចរចាលើការ បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដោយស្មើភាព មានតុល្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ យើងនៅតែប្តេជ្ញាចិត្តចំពោះគោលបំណងនោះ” ។
ទីក្រុងញូវដែលីបានលើកឡើង ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលទើបបញ្ចប់ថ្មីៗនេះ ជាមួយចក្រភពអង់គ្លេសដោយបញ្ជាក់ថា វិធីសាស្រ្តរបស់ខ្លួនចំពោះកតិកាសញ្ញា ស្រដៀងគ្នាជាមួយប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកនឹងនៅដដែល វានឹងគិតគូរពីកង្វល់ និងផលប្រយោជន៍របស់កសិករ សហគ្រិន និងអាជីវកម្មខ្នាតតូច និងមធ្យម ។
លោក Trump កាលពីថ្ងៃពុធបានប្រកាសនៅក្នុង ការប្រកាសមួយនៅលើគណនីសង្គម Truth ថា ឥណ្ឌានឹងប្រឈមមុខនឹងពន្ធ 25% និងទណ្ឌកម្មបន្ថែមចាប់ពីថ្ងៃទី 1 ខែសីហា ជុំវិញពន្ធខ្ពស់របស់ខ្លួន និងបន្តពាណិជ្ជកម្មថាមពល និងការពារជាតិជាមួយរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា
