ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលី ៣រូប ក្នុងសមរភូមិមុខ​នៃជម្លោះព្រំដែនកម្ពុជា-ថៃ

កំពង់ធំ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី ញាត ឈីន, ៣/. អនុសេនីយ៍ត្រី ពេជ ង៉ោល ដែលបានពលីជីវិត ក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ ។

ជាមួយនឹងការបានវិលត្រឡប់ មកស្រុកកំណើតវិញ របស់សពយុទ្ធជនពលីនេះដែរ សាច់ញាតិនៃយុទ្ធជនពលី បានសម្ដែងនូវក្ដីមោទនភាព ចំពោះសាច់ញាតិរបស់ខ្លួន ជាមួយនឹងសេចក្តីក្រៀមក្រំ និងទុក្ខសោកក្រៃលែងផងដែរ ។

លោកជំទាវបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខ ជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជន ដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ជាមួយនឹងការគិតគូរ របស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីជាការសម្រាល នូវបន្ទុកគ្រួសារយុទ្ធជនពលីផងដែរ។

ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពាន មកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធ យុទ្ធជនពលី បានចាប់កំណើត ក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ៕

To Top