ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ។
បន្ទាប់ពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ អស់រយៈពេលបីខែកន្លងមក ថ្ងៃនេះ គ.ជ.ប បានផ្តល់សុពលភាព បញ្ជីបោះឆ្នោតផ្លូវការ និងផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាឱ្យមានបញ្ជីបោះឆ្នោត សម្រាប់ការិយាល័យបោះឆ្នោតនីមួយៗ ដែលបង្កើតឡើងតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា៣៨ និងមាត្រា៣៩ នៃច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។ អនុលោមតាមជំពូកទី៦ នៃ ច.ប.ត.រ រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ត្រូវកំណត់ទៅតាមប្រតិទិនការងាររបស់ គ.ជ.ប។ រយៈពេលសរុបខាងលើនេះ ត្រូវគិតរួមបញ្ចូលទាំងរយៈពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការប្តឹងតវ៉ានឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ដំណើរការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ព្រមទាំងការផ្តល់សុពលភា ពបញ្ជីបោះឆ្នោតផ្លូវការផងដែរ។
លោក សោម សូរីដា បានជម្រាបជូនអង្គប្រជុំ អំពីការងារកន្លងមកក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ចំនួន ២៦ថ្ងៃ ដែលទទួលបានលទ្ធផល ដូចខាងក្រោម៖
-អ្នកមកសុំចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ២២៣.៩០៦ នាក់ ក្នុងនោះស្ត្រី ១១២.៨៨០ នាក់
-អ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ១៦៣.០៣៤ នាក់
-អ្នកដែលបានផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មីមានចំនួន ១០៨.៩១៧ នាក់
-អ្នកមកសុំកែតម្រូវទិន្នន័យជីវប្រវត្តិមានចំនួន ១.៣៤០.៨៨៧ នាក់
-អ្នកមកសុំកែតម្រូវទិន្នន័យជីវមាត្រមានចំនួន ២.៥៦២.៤៨៧ នាក់។
ការរៀបចំបញ្ជីបោះឆ្នោតដំបូង លោក សោម សូរីដា បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់នេះ ទាំងនៅថ្នាក់ ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ គ.ជ.ប និងថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ពុំបានទទួលពាក្យបណ្ដឹង ពាក់ព័ន្ធនឹងការបដិសេធ ការសុំចុះឈ្មោះបោះឆ្នោតឡើយ។ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានផ្ទៀងផ្ទាត់ទិន្នន័យ អ្នកចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដាក់ជូន គ.ជ.ប ពិនិត្យសម្រេច មុននឹងបិទផ្សាយជាសាធារណៈ។
លោក បានបន្តថា ចំពោះដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដាក់ការទទួល និងការដោះស្រាយពាក្យបណ្ដឹង មានពាក្យបណ្ដឹងសរុបចំនួន ១បណ្ដឹង ដែលជាពាក្យបណ្ដឹងតវ៉ា សុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយដែលបានដាក់ទៅ ក្រុមប្រឹក្សាឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពាក្យបណ្ដឹងនេះត្រូវបានក្រុមប្រឹក្សាឃុំធិបតី លើកយកមកពិនិត្យ និងប្រជុំសម្រេច ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ហើយជាលទ្ធផលក្រុមប្រឹក្សាឃុំ បានសម្រេចយល់ព្រមតាមពាក្យបណ្ដឹង។
លោក សោម សូរីដា បានជម្រាបជូនបន្ថែមទៀតថា តាមប្រតិទិនកំណត់ គ.ជ.ប បានផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ ។ តួលេខដែលមានក្នុងបញ្ជី បោះឆ្នោតផ្លូវការនេះ ដូចខាងក្រោម៖
-ប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង មានចំនួនសរុប ១១.២២៩.០៤៩ នាក់
-ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៤ មានចំនួនសរុប ៩.៩៩២.៤២១ នាក់ ក្នុងនោះស្ត្រី មានចំនួន ៥.៣០៤.៨៥៥ នាក់
-ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ មានចំនួនសរុប ១០.១៦២.២៣២ នាក់ ក្នុងនោះស្ត្រីមានចំនួន ៥.៣៩៣.៣០៩ នាក់ ស្មើនឹង ៩០,៥០% ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង
-ការិយាល័យបោះឆ្នោត មានចំនួន ២៤.២៣៥ ការិយាល័យ បើប្រៀបធៀបនឹងឆ្នាំ២០២៤ មានការកើនឡើងចំនួន ៤៥ ការិយាល័យ។
លោក សោម សូរីដា បានបញ្ជាក់បន្ថែមទៀតថា ផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ គ.ជ.ប ត្រូវបោះពុម្ព និងចាត់បញ្ជូនបញ្ជីបោះឆ្នោតផ្លូវការ ទៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ១ច្បាប់ និងសាលាឃុំ សង្កាត់ ១ច្បាប់ ដើម្បីរក្សាទុកជាបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍។ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិស្នើសុំ ពិនិត្យមើលឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតនេះ បាននៅតាមសាលាឃុំ សង្កាត់ ឬ លធ.ខប ឬចូលពិនិត្យមើលតាមអាសយដ្ឋានវេប voterlist.nec.gov.kh និងតាមកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ។ ចំពោះគណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ ស្ដីពីគណបក្សនយោបាយ មានសិទ្ធិស្នើសុំបញ្ជីបោះឆ្នោតផ្លូវការ ច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ ម្យ៉ាងទៀតក៏អាចទទួលបាន នូវព័ត៌មានអេឡិចត្រូនិកតាមទម្រង់ ភីឌីអែហ្វ (PDF) ដែលបង្ហាញទិន្នន័យអំពីឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត អត្តលេខ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើត ដោយគិតតាមតម្លៃផលិតប៉ុណ្ណោះ។ ម្យ៉ាងទៀត បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ត្រូវបង្ហោះផ្សព្វផ្សាយនៅលើអាសយដ្ឋានវេប និងតាមកម្មវិធីទូរសព្ទឆ្លាតរបស់ គ.ជ.ប គឺមានបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត អត្តលេខ លេខ អ.ខ ឬ/និងលេខ ឯ.អ គឺបង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ៕




