ព័ត៌មានជាតិ

កម្ពុជា សម័យ តេជោធិបតី នឹងមិនទុកឱ្យពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ

ឧត្តរមានជ័យ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ប្រទេសកម្ពុជា សម័យ តេជោធិបតី នឹងមិនទុកឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលនៅសេសសល់ ក្រោយសង្រ្គាមឡើយ។

ក្នុងយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយអំពីហានិភ័យនៃយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ពីការវាយប្រហាររបស់យោធាថៃមកលើប្រទេសកម្ពុជា ដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅតាមទីតាំងមានសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «បងប្អូនជនភៀសសឹក បានរួចជីវិតពីសង្គ្រាម ហើយទោះបីជារស់នៅក្នុងអំឡុងពេល នៃសង្គ្រាមក៏ដោយ ក៏នៅតែរស់នៅប្រកប ដោយសេចក្តីថ្លៃថ្នូរ ។ បងប្អូនជនភៀសសឹក បានចាកចោលផ្ទះសំបែងពិតមែន តែមិនមែនមកពីការចុះចាញ់នោះទេ ផ្ទុយទៅវិញ គឺពីក្តីស្រលាញ់ ពោលគឺស្រលាញ់កូន ស្រលាញ់ឪពុកម្តាយ និងស្រលាញ់អនាគត។ កម្លាំងចិត្តរបស់បងប្អូននេះហើយ ដែលបានរក្សាជាតិរបស់យើង ឱ្យនៅរួបរួមគ្នា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក្តី» ។

លោក បន្តទៀតថា បច្ចុប្បន្ន ការប្រយុទ្ធគ្នាបានឈប់ទៅហើយ ប៉ុន្តែមិនមានន័យថា លែងមានគ្រោះថ្នាក់នោះទេ ព្រោះថា ដីដែលយើងធ្លាប់រស់នៅ មិនមែនជាដីដូចមុនទៀតឡើយ ដោយវាអាចនឹងបង្កប់នៅសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ហើយសំណល់ពីសង្គ្រាមទាំងនោះ នឹងរង់ចាំយើងដោយស្ងៀមស្ងាត់បំផុត រហូតដល់ថ្ងៃណាមួយ ដែលយើងអាចនឹងទៅប៉ះពាល់វា ហើយបង្កជាគ្រោះថ្នាក់ដល់ជីវិត។ ជាមួយគ្នានោះ លោក បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែប្រុងប្រយ័ត្នជានិច្ច និងសំខាន់បំផុតត្រូវស្វែងយល់ និងមានចំណេះដឹងគ្រប់គ្រាន់អំពីប្រភេទ និងហានិភ័យនៃសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនោះ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រុមការងារអប់រំផ្សព្វផ្សាយសកម្មភាមីននេះ មិនមែនមកត្រឹមតែបង្រៀនបងប្អូនជនភៀសសឹកនោះទេ តែគឺជាការផ្តល់នូវអាវុធការពារខ្លួនដ៏សំខាន់មួយជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ហើយវាគឺជាចំណេះដឹង ផងដែរ។ លោក គូសបញ្ជាក់ទៀតថា កូនក្មេងដែលចេះចៀសចេញពីគ្រោះថ្នាក់ គឺមានន័យថា ក្មេងនោះត្រូវ បានការពាររួចទៅហើយ ហើយឪពុកម្តាយ ដែលបានបង្រៀនកូន ឱ្យយល់ដឹងអំពីគ្រោះថ្នាក់ និងមានភាពប្រុងប្រយ័ត្ន ឪពុកម្តាយនោះ បានជួយសង្គ្រោះជីវិតកូនរួចទៅហើយ។ អ្វីដែលបងប្អូនបានរៀនសូត្រ ស្វែងយល់នៅថ្ងៃនេះ នឹងអាចការពារអាយុជីវិតខ្លួន និងកូនចៅរបស់ខ្លួន ឱ្យរួចផុតពីគ្រោះថ្នាក់ដែលយើងមិនចង់ជួបប្រទះក្នុងជីវិត ៕

To Top