ព័ត៌មានជាតិ

វីតាល់ ផ្ដួចផ្ដើមរៀបចំកម្មវិធី បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ជាមួយសហគមន៍គោករកា និងប្រគល់រថយន្តក្រុង មួយគ្រឿងជូន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ភ្នំពេញ ៖ វីតាល់ ជាបុត្រសម្ព័ន្ធក្រុមហ៊ុន វ័ន ម៉រ លីមីតធីត រៀបចំផ្ដួចផ្ដើមកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត របស់ក្រុមគ្រួសារវ័នម៉រលីមីតធីត-សហគមន៍គោករកា និងកម្មវិធីប្រគល់ រថយន្តក្រុងមួយគ្រឿងជូន មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេនរោងចក្រមីជាតិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ទទួលបានការចូលរួមពីមន្ត្រីមូលដ្ឋាន គណៈគ្រប់គ្រងក្រុមហ៊ុន បុគ្គលិកគ្រប់ជាន់ថ្នាក់ សាស្ត្រាចារ្យ សិស្ស-និស្សិតនៃវិទ្យាស្ថានពហុបច្ចេកវិទ្យា ប្រជាពលរដ្ឋក្នុងតំបន់ និងប្រមូលបានអំណោយឈាមប្រមាណ ៦៩៨ សាក់។

កម្មវិធីនេះទទួលបានការចូលរួម ក្រោមអធិបតីភាព ពីសំណាក់លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាទីប្រឹក្សាជាន់ខ្ពស់របស់ ក្រុមហ៊ុន វ័ន ម៉រ លីមីតធីត, លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ លីមីតធីត, លោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, ចៅសង្កាត់, មន្ត្រីមូលដ្ឋាន សាស្ត្រាចារ្យ គណៈគ្រប់គ្រងក្រុមហ៊ុន បុគ្គលិកគ្រប់ជាន់ថ្នាក់ សិស្ស-និស្សិតនៃវិទ្យាស្ថានពហុបច្ចេកវិទ្យា ប្រជាពលរដ្ឋ និងសប្បុរសជនក្នុងតំបន់យ៉ាងច្រើនកុះករ ។

លោកស្រីជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ លីមីតធីត បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាម ក្រុមហ៊ុន វ័ន ម៉រ លីមីតធីត និងសហគមន៍ គោករកា ពិតជាមានសេចក្ដី សោមនស្សរីករាយឥតឧបមា និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ នូវវត្តមាននៃការចូលរួមសហការយ៉ាងស្និទ្ធស្នាល ក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ កម្មវិធីបរិច្ចាគឈាមត្រូវបានផ្ដួចផ្ដើមឡើងជាប្រចាំឆ្នាំ ក្នុងគោលបំណងចូលរួម និងបំផុសគំនិតបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចេញពីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដើម្បីបំពេញស្តុកឈាមសុវត្ថិភាព ជួយសង្គ្រោះជនរងគ្រោះនៅតាមមន្ទីរពេទ្យនានា ដែលគម្រោងនេះគឺភ្ជាប់ទៅនឹងសកម្មភាពជាប្រចាំរបស់ វីតាល់ និងមូលនិធិ២៥រៀល ដែលជានិច្ចកាល ចូលរួមឧបត្ថម្ភគាំទ្រដល់កិច្ចការងារបរិច្ចាគឈាម ។

លោកស្រីបានបន្តថា ការផ្ដល់ឈាមដោយស្ម័គ្រចិត្ត គឺពិតជាមានសារៈសំខាន់ជូនដល់ជនរងគ្រោះប្រកបដោយក្ដីសង្ឃឹម គឺមានតម្លៃពុំអាចកាត់ថ្លៃបាន ព្រោះឈាមពុំអាចផលិត ឡើងបាន តាមបណ្តារោងចក្រនោះទេ។ ឆ្លៀតក្នុង​ឱកាសដ៏វិសេស វិសាលនេះ លោកជំទាវនាយិកាប្រតិបត្តិ បានប្រគល់ជូនរថយន្តក្រុងមួយគ្រឿង ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សម្រាប់ជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ និងជាគុណប្រយោជន៍ ដល់មន្ត្រីសុខាភិបាល ក្នុងការចុះយកអំណោយ ឈាមចល័ត នៅគ្រប់ទីតាំងទូទាំងប្រទេស ។

គួរបញ្ជាក់ផងដែរថា វីតាល់ ជាបុត្រសម្ព័ន្ធក្រុមហ៊ុន វ័ន ម៉រ លីមីតធីត តែងតែចូលរួម និងបំផុសនូវសកម្មភាពសប្បុរសធម៌ និងការចូលរួមថ្មីៗ លើសកម្មភាពសង្គម ។ ជាក់ស្ដែងសកម្មភាព ផ្ដល់ឈាមថ្ងៃនេះ អាចកើតឡើងមានបាន ក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ របស់ វីតាល់ផ្ទាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សា បេសកកម្មក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប មកប្រើប្រាស់ជាមូលធនសម្រាប់ការងារសង្គម។  វីតាល់ នឹងបន្តរក្សា នូវមូលដ្ឋាន នៃការរៀបចំ និងឧបត្ថម្ភគាំទ្រ ដល់គ្រប់រូបភាពនៃសកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគ អំណោយឈាម ពីគ្រប់ស្ថាប័ន ដើម្បីចូលរួមចំណែក ក្នុងការ​ជួយសង្គ្រោះជីវិត ​អ្នកជំងឺដែលត្រូវ ការឈាម នៅតាមស្ថាប័នសុខាភិបាលនានា​ ៕ «វីតាល់មោទនភាព ផលិតផលជាតិ»

To Top