ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ថ្មីៗនេះ នៅលើបណ្តាញសង្គមមានការក្លែងបន្លំគណនីជាច្រើនដោយប្រើប្រាស់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរនោះទេ ។
ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែន បូណា ថ្លែងថា ការក្លែងបន្លំនេះ គឺជាកលល្បិចថ្មីមួយទៀតដែលពួកគេប្រើប្រាស់ដើម្បីក្លែងបន្លំធ្វើជាជនជាតិខ្មែរ ក្នុងគោលបំណងបំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ខ្មែរ ។ ដូច្នេះពលរដ្ឋខ្មែរប្រុងប្រយ័ត្នទាំងអស់គ្នា កុំចាញ់ល្បិចកលទាំងនេះឲ្យសោះ។
លោកបញ្ជាក់ថា “ឥឡូវនេះ មានការក្លែងបន្លំគណនេយ្យហ្វេសប៊ុកជាច្រើន ដោយគេបានប្រើប្រាស់ឈ្មោះខ្មែរ ប៉ុន្តែអ្នកដែលបង្កើត និងអ្នកប្រើប្រាស់គណនេយ្យទាំងនោះមិនមែនជាខ្មែរទេ ។ នេះគឺជាកលល្បិចថ្មីមួយទៀត” ។
លោក ប៉ែន បូណាក៏បានផ្តាំទៅប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសត្រូវរួមគ្នាជាធ្លុងមួយបង្កើតជាខឿនការពារបូរណភាពទឹកដី និងការពារសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរទាំងមូល ៕
