នាថ្ងៃទី ៣០ ខែកក្កដា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃ ការប្រកួតប្រជែងនវានុវត្តន៍ និងសហគ្រិនភាពចិន-អាស៊ានលើកទី៣ បានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការប្រកួតនេះធ្វើឡើងក្រោមប្រធានបទ “សហការនវានុវត្តន៍ បង្កើតក្តីសុបិន” និង បានទាក់ទាញគម្រោងចំនួន ៣២៩ មកពីប្រទេស និងតំបន់ចំនួន ២៣ រួមមាន ចិន (រួមទាំងដីគោក ម៉ាកាវ និងតៃវ៉ាន់) ប្រទេសអាស៊ានទាំង ១០ ស្រីលង្កា បង់ក្លាដែស កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន អ៊ូសបេគីស្ថាន ហ្វីជី និងហូឡង់ មកចុះឈ្មោះចូលរួមប្រកួត។ បន្ទាប់ពីការជ្រើសរើសជាច្រើនដំណាក់កាល គម្រោងឆ្នើមចំនួន ១៩ មកពីប្រទេសចិន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

រូបភាពពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ផ្តល់ជូនដោយនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី
នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រុមចូលរួមប្រកួតត្រូវបានបែងចែកជាក្រុមបុគ្គល និង ក្រុមសហគ្រាស ដោយបង្ហាញយ៉ាងទូលំទូលាយនូវចំណុចនវានុវត្តន៍បច្ចេកវិទ្យា និងសក្តានុពលទីផ្សាររបស់ពួកគេ តាមរយៈទម្រង់បង្ហាញផ្លូវ និងសំណួរចម្លើយ “៧+៥” (៧ នាទីសម្រាប់ការបង្ហាញគម្រោង + ៥ នាទីសម្រាប់ការឆ្លើយសំណួររបស់គណៈកម្មការ)។ ជាលទ្ធផល ការប្រកួតបានជ្រើសរើសអ្នកទទួលជ័យលាភីលេខ ១ លេខ ២ និងលេខ ៣ សម្រាប់ក្រុមសហគ្រាស និងក្រុមបុគ្គល ក៏ដូចជាជ័យលាភី “តារាសហប្រតិបត្តិការ” ចំនួន ៨ និង ជ័យលាភី “តារាច្នៃប្រឌិត” ចំនួន ៧។ គម្រោងមួយចំនួនដែលផ្តោតលើការផ្តល់ថាមពលAIដល់ឧស្សាហកម្មប្រពៃណី និងការប្រើប្រាស់ថាមពលបៃតងប្រកបដោយប្រសិទ្ធភាព បានលេចធ្លោឡើង ដោយបង្ហាញពីភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការនវានុវត្តន៍ក្នុងតំបន់។
ការប្រកួតលើកនេះត្រូវបានផ្ដួចផ្ដើមរៀបចំឡើងរួមគ្នាដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន និង លេខាធិការដ្ឋានអាស៊ាន និងទទួលរៀបចំដោយនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន និងនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី (មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន)។ ការប្រកួតនេះបានកសាងវេទិកាផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យសម្រាប់អ្នកបង្កើតនវានុវត្តន៍ និង អ្នកបង្កើតធុរកិច្ចថ្មី ចិន និងអាស៊ាន ព្រមទាំងបានជំរុញបន្ថែមទៀតនូវសក្តានុពលសហការនៃកិច្ចសហប្រតិបត្តិការនវានុវត្តន៍បច្ចេកវិទ្យាចិន និងអាស៊ាន បង្កើតឱកាសអភិវឌ្ឍន៍រួមគ្នាជាច្រើនទៀត ដើម្បីចាក់បញ្ចូលកម្លាំងជំរុញកំណើនប្រកបដោយចីរភាពដល់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៕
