ព័ត៌មានជាតិ

អង្គទូត និងភ្នាក់ងារ អ.ស.ប គាំទ្រ ចំពោះការបន្ដកិច្ចសន្ទនារវាង កម្ពុជា-ថៃ ក្នុងការសម្រេចបានសន្ដិភាពយូរអង្វែង ដើម្បីអនុញ្ញាតឱ្យជនភៀសសឹក អាចត្រឡប់ទៅលំនៅដ្ឋានវិញ

ភ្នំពេញ ៖ អង្គទូត និងទីភ្នាក់ងារជំនាញ របស់អង្គការ សហប្រជាជាតិ (អ.ស.ប) បានគាំទ្រយ៉ាងមុតមាំ ចំពោះការបន្តកិច្ចសន្ទនារវាង កម្ពុជា-ថៃ ក្នុងការសម្រេច បានសន្តិភាពយូរអង្វែង ដើម្បីអនុញ្ញាតឱ្យជនភៀសសឹក អាចត្រឡប់ទៅលំនៅដ្ឋានវិញ និងបន្តជីវភាពរស់នៅ ប្រកបដោយសុវត្ថិភាព។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធាន តំណាងស្ថានបេសកកម្មការទូត និងទីភ្នាក់ងារជំនាញរបស់ អង្គការសហប្រជាជាតិ (អ.ស.ប) មានចំនួនសរុប ២៦រូប។

សមាជិកអង្គទូត និងភ្នាក់ងារជំនាញ របស់អ.ស.ប បានចូលរួមក្នុងទស្សនកិច្ចនេះ បានសម្ដែងការអាណិតអាសូរ យ៉ាងស្មោះជូនចំពោះបងប្អូន ដែលរងផលប៉ះពាល់ដោយការប៉ះទង្គិច ប្រដាប់អាវុធនេះ។

គណៈប្រតិភូ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគោរព និងការអនុវត្តកិច្ចព្រម ព្រៀងបទឈប់បាញ់ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅសម្រេចបានដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង ។

ជារួម សមាជិកអង្គទូត និងភ្នាក់ងារ ជំនាញ បានសម្តែងនូវក្តីសង្ឃឹមថា សន្តិភាពពេញលេញ នឹងត្រូវបានស្ដារឡើងវិញ ក្នុងពេលឆាប់ៗនេះ ហើយបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៧ ខែ សីហាឆ្នាំ២០២៥)។

សមាជិកអង្គទូត និងភ្នាក់ងារជំនាញរបស់ អ.ស.ប ក៏បានគាំទ្រយ៉ាងមុតមាំ ចំពោះការបន្តកិច្ចសន្ទនារវាងកម្ពុជា និងថៃ ក្នុងការសម្រេចបានសន្តិភាពយូរអង្វែង ដើម្បីអនុញ្ញាត ឱ្យបងប្អូនជនភៀសសឹកអាចត្រឡប់ទៅលំនៅដ្ឋានវិញ និងបន្តជីវភាពរស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

To Top