ព័ត៌មានជាតិ

លោកប៉ែន បូណា ៖ កម្ពុជា គោរពបទឈប់បាញ់ ឥតប្រែប្រួល តាមការចង់បានរបស់អន្តរជាតិ

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានអះអាងសាជាថ្មីថា កម្ពុជានៅតែគោរព និងអនុវត្តបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់ ដោយឥតប្រែប្រួល តាមការចង់បាន របស់សហគមន៍អន្តរជាតិ ។

ក្នុងសន្និសីទរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃ៤ សីហា លោកប៉ែន បូណាបានថ្លែងថា ក្រោយពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមានមក រហូតមកដល់ព្រឹកថ្ងៃ៤ សីហានេះ កម្ពុជាបានគោរពបទឈប់បាញ់នេះ យ៉ាងខ្ជាប់ខ្ជួនបំផុត ។

លោកបន្តថា “កម្ពុជានៅតែប្រកាន់ ជំហរម៉ឹងម៉ាត់ ឥតប្រែប្រួល គឺគោរពយ៉ាងម៉ឹងម៉ាត់កិច្ចព្រមព្រៀង ឈប់បាញ់ដែលបានចូលជាធរមាន កាលពីពាក់កណ្តាលអាធ្រាត្រ ថ្ងៃស២៨ កក្កដា ។ ជំហរសន្តិភាព ពឹងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា សមស្របទៅនឹងអ្វី​ ដែលសហគមន៍អន្តរជាតិចង់បាន”។

លោកគូសបញ្ជាក់ថា ដូច្នេះហើយកម្ពុជាមិនរស់នៅឯកោនោះទេ ដោយមានសហគមន៍អន្តរជាតិ ដែលស្រឡាញ់ពេញចិត្ត សុខសន្តិភាពបានហែរហម និងឈរនៅជាមួយកម្ពុជាជានិច្ច ជាពិសេសមានប្រទេសមហាអំណាចសហរដ្ឋអាមេរិក មហាអំណាចចិន និងម៉ាឡេស៊ីដែលបានចូលរួម ដោយផ្ទាល់ក្នុងកិច្ចសម្របសម្រួល ឲ្យមានបទឈប់បាញ់ រវាងកងទ័ពកម្ពុជា-ថៃ ៕

To Top