ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ប្រតិភូក្រុមលេខាធិការ គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាពហើយ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំមួយចំនួន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហាឆ្នាំ២០២៥ ខណៈកិច្ចប្រជុំវិសាមញ្ញ នឹងប្រព្រឹត្តទៅថ្ងៃទី៧សីហា ។
ថ្លែងនៅក្នុងសន្និសីតសារព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង ១១៖០០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា “នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាពហើយ” ។
អ្នកនាំពាក្យរូបនេះ បានគូសរំលឹកថា គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នឹងមានកិច្ចប្រជុំមួយចំនួន ក្នុងគោលបំណងបទឈប់បាញ់ និងគោលការណ៍កសាងទំនុកចិត្តគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ និងថ្ងៃទី៦ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នៅថ្ងៃទី៧ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ៕
