ព័ត៌មានជាតិ

លោកប៉ែន បូណា ៖ កម្ពុជា មានទាំងថ្នាក់ដឹកនាំ មានបទពិសោធន៍ វាងវៃ និងវីរៈកងទ័ព អង់អាចក្លាហាន

ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កម្ពុជាបច្ចុប្បន្នមានអ្នកដឹកនាំ ដែលមានភាពប៉ិនប្រសប់ ដែលផ្ទុកទៅដោយបទពិសោធន៍ ដ៏ឆ្លាតវាងវៃក្នុងការដឹកនាំប្រទេស អមទៅដោយវីវៈកងទ័ពខ្មែរ ដ៏អង់អាចក្លាហាននៅសមរភូមិជួរមុខ ក្នុងការការពារបូរណភាពទឹកដីដ៏បវរ ។

ក្នុងសន្និសីទរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃ៤ សីហា លោកប៉ែន បូណាបានលើកឡើងថា កម្ពុជាមានប្រព័ន្ធដឹកនាំមួយដែលឯកភាពមានវិន័យទាំងមន្រ្តីរាជការស៊ីវិល និងកងកំលាំងប្រដាប់អាវុធ ដោយគោរពស្តាប់បទបញ្ជាថ្នាក់ដឹកនាំ ខណៈបច្ចុប្បន្នកម្ពុជាមានថ្នាក់ដឹកនាំដ៏មានបញ្ញាវាងវៃ និងបទពិសោធន៍ដឹកនាំប្រទេសមានសន្តិភាព ពេញបរិបូរណ៍ឲ្យពលរដ្ឋរស់នៅក្រោមដំបូលសន្តិភាព ។

លោកបញ្ជាក់ថា “កម្ពុជាយើងមានថ្នាក់ដឹកនាំដែលមានបទពិសោធន៍ មានភាពវាងវៃ ប្រកបដោយយុទ្ធសាស្រ្តចក្ខុវិស័យវែងឆ្ងាយទាំងផ្នែកយោធា នយោបាយ និងការទូត ហើយជាថ្នាក់ដឹកនាំដែលស្រឡាញ់សន្តិភាព និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ”។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យបានលើកពីវីរៈកងទ័ពជួបមុខថា កម្ពុជាមានកងកំលាំងប្រដាប់អាវុធដ៏អង់អាចក្លាហានប្តូរផ្តាចការពារសន្តិភាព បូរណភាពទឹកដី និងការពារមោទកភាពជាតិខ្មែរ ។ ចំពោះពលរដ្ឋវិញប្រធានអង្គភាព អ្នកនាំពាក្យរំលេចដែរថា ក្រោយមានការគំរាមកំហែង ពីប្រទេសជាតិខាងពលរដ្ឋកម្ពុជាទាំងក្មេងនិងចាស់ គឺមានជាតិនិយមនៅក្នុងខ្លួន ដោយនាំគ្នាចេញមកលើកទឹកចិត្តដល់ប្រមុខរាជរដ្ឋាភិបាល និងវីរៈកងទ័ព ៕

To Top