(ព្រំដែនកម្ពុជា-ថៃ)៖ ខ្មែរ ប៊ែវើរីជីស ដឹកនាំក្រុមការងារ និងកីឡាករគុនខ្មែរពីសហព័ន្ធកីឡាប្រដាល់ នាំកីឡាករគុនខ្មែរជិត ១០០នាក់ ទៅសួរសុខទុក្ខបងៗកងទ័ព ដោយនាំយកទឹកពិសាកម្ពុជា និងភេសជ្ជរាប់ពាន់កេស និងស្បៀងបន្ថែមទៀត ទៅជូនវីរ:កងទ័ពជួរមុខរបស់យេីង ដែលកំពុងឈរជេីងនៅព្រះវិហារ។
ក្នុងស្មារតីរួបរួមគ្នា លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ព្រមទាំងលោកជំទាវ តែ សុវណ្ណី នៃ ធនាគារ ជីប ម៉ុង បាននាំយកទឹកប្រាក់ឧបត្ថម្ភជូនដល់គ្រួសារយោធិន ដែលបានបូជាជីវិត ដើម្បីជាតិមាតុភូមិ ក្នុងមួយគ្រួសារ ចំនួន ២០ លានរៀល បើទោះជាមិនមានជាប់បំណុលជាមួយធនាគារ ជីប ម៉ុង ក្នុងគោលបំណងជួយសម្រាលបន្ទុកមួយផ្នែកដល់វីរជនការពារជាតិកម្ពុជា តាមការប្រកាសកន្លងមករបស់ធនាគារ ជីប ម៉ុង។
នេះជាលើកទី ២ ហើយដែល ខ្មែរ ប៊ែវើរីជីស ដើរតួជាចលករសំខាន់ក្នុងការចេញមុខជួយជាហូរហែ ប្រកាន់យកឆន្ទៈមោះមុតដែលកូនខ្មែរគ្រប់រូបសុទ្ធសឹងតែមានតួនាទីដូចគ្នាក្នុងការចូលរួមដើម្បីជាតិមាតុភូមិយើង ដូចជាការដឹកនាំក្រុមការងារ និងក្រុមកីឡាករគុនខ្មែរទៅកាន់តំបន់ព្រំដែនផ្ទាល់ ដើម្បីនាំយកភេសជ្ជៈ និងភេសជ្ជៈរាប់ពាន់កេស រួមជាមួយស្បៀងអាហារស្ងួត និងសម្ភារៈប្រើប្រាស់ចំបាច់ជូនដល់កងទ័ពជួរមុខ។
គួរបញ្ជាក់ដែរថា ខ្មែរ ប៊ែវើរីជីស ក៏ដូចជាពាណិជ្ជកម្មរបស់ក្រុមហ៊ុនមេ ជីប ម៉ុង ទាំងអស់បានខ្នះខ្នែងជួយយកអាសារប្រជាជនខ្មែរក្នុងស្ថានការណ៍ដ៏លំបាកនេះ ដោយកន្លងទៅថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកពិសាកម្ពុជាជាង ១០០០០ កេស ដឹកទៅចែកជូនបងប្អូនភ្លាមៗនៅជំរុំភៀសខ្លួននានា ហើយក្រុមហ៊ុនមេ ជីប ម៉ុង បានចូលរួមឧបត្ថម្ភថវិកាសរុប ២ លានដុល្លារបន្ថែមទៀតជូនដល់កងទ័ពជួរមុខនាតំបន់ព្រំដែន ដែលបញ្ជាក់ច្បាស់ពីស្មារតីខ្លាំងក្លា ក្នុងនាមជាកូនខ្មែរ ដើម្បីជាតិ ដើម្បីមាតុភូមិ។
ស្មារតីរួបរួមគ្នា ខ្មែរ ស្រលាញ់ ខ្មែរ!








