ភ្នំពេញ ៖ សមាគមខ្មែរនៅម៉ាឡេស៊ី ចំនួន ៥៥នាក់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នា សម្តែងមតិថ្លែងអំណរគុណ លោកប្រធានាធិបតីអាម៉េរិក ដែលបានជួយឱ្យមានបទឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និងថៃ ក្រោយការឈ្លានពានពីប្រទេសថៃមកលើកម្ពុជា។

ការប្រមូលផ្តុំគ្នាដោយសមាគមខ្មែរ នៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅក្នុងវត្តកែវរតនៈរង្ស៊ី រដ្ឋចូហ៊ូ ប្រទេសម៉ាឡេស៊ីនេះ ក៏មានការកាន់បដាផ្សេងៗ ដែលបង្ហាញពីការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ី និងប្រធានាធិបតីអាម៉េរិក ដែលបានសម្រេច ឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ ។

សូមបញ្ជាក់ថា ដើម្បីប្រឆាំងការឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យភាព របស់កម្ពុជា ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នាចេញធ្វើបាតុកម្មតវ៉ាប្រឆាំង នឹងការឈ្លានពានរបស់ថៃ ដែលបានសម្លាប់ជីវិត ពលរដ្ឋស្លូតត្រង់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងបង្កើតឱ្យមានជនភៀស សឹករាប់សិបម៉ឺននាក់៕

