ហ្គាហ្សា ៖ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៧៥នាក់ ត្រូវបានសម្លាប់ដោយការបាញ់កាំភ្លើង និងការវាយប្រហារតាមអាកាស នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ ។
លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិលបានប្រាប់ស៊ីនហួថា ជនជាតិប៉ាឡេស្ទីន ២៨នាក់ត្រូវបានសម្លាប់នៅទីក្រុងខានយូនីស និងតំបន់ Rafah ភាគខាងជើង ដែលជាតំបន់មួយ នៅភាគខាងត្បូងហ្គាហ្សា ។ ក្នុងចំណោមពួកគេ មាន ២៣ នាក់ ត្រូវបានសម្លាប់នៅក្បែរមជ្ឈមណ្ឌល ចែកចាយជំនួយ ដែលគាំទ្រ ដោយសហរដ្ឋអាមេរិក និង ៣ នាក់ទៀត បានស្លាប់នៅពេលដែលសាលារៀនមួយ ដែលផ្តល់ជម្រកដល់មនុស្សផ្លាស់ទីលំនៅ ត្រូវបានបាញ់ផ្លោងចំទីនោះ ។
លោក Basal បានលើកឡើងថា នៅតំបន់ហ្គាហ្សា ភាគខាងជើង យ៉ាងហោចណាស់មនុស្ស ១៨ នាក់ត្រូវបានសម្លាប់ និង ១៩៨ នាក់ផ្សេងទៀត បានរងរបួសដោយសារការបាញ់ របស់កងទ័ពអ៊ីស្រាអែល ខណៈពេលដែលកំពុងរង់ចាំជំនួយនៅជិតច្រក Zikim ភាគពាយព្យនៃទីក្រុង Beit Lahia ។
លោកបានបន្ដថា នៅតំបន់ហ្គាហ្សាកណ្តាល មនុស្ស ៧នាក់ ផ្សេងទៀតត្រូវបានសម្លាប់ និង ២៧ នាក់ផ្សេងទៀតបានរង របួសនៅពេល ដែលកងទ័ពអ៊ីស្រាអែល បានកំណត់គោលដៅ នៃការប្រមូលផ្តុំរបស់ប៉ាឡេស្ទីន នៅជិតចំណុចចែកចាយជំនួយមួយនៅឯចំណុចប្រសព្វ Netzarim ៕
ប្រែសម្រួល ឈូក បូរ៉ា
