ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា នៅកម្ពុជា គ្មានការប្រជែងអំណាច រវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ បន្ទាប់ពីកាសែតថៃ បានចុះផ្សាយថា សម្ដេច ធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះឃើញ សម្ដេច ចូលរួមបញ្ជាកងទ័ព ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជក់ថា «ព្រឹកមិញកាសែតថៃ បានចុះផ្សាយអំពីមនុស្សខ្លះ នៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព ។ មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំ ជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំ ជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោឈ្លានពានប្រទេសរបស់ខ្ញុំដែរ»។
សម្ដេច បន្ដថា សម្រាប់ការបញ្ជាកងទ័ព សូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ សម្ដេច ដែលបាននិងកំពុងធ្វើ និងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព ។ សម្ដេច ថា «ហេតុអ្វីបានជាអស់លោក ខ្លាចខ្ញុំមករួមកិច្ចការកងទ័ព រហូតដល់បញ្ចេញមតិ ដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា?»
សម្ដេច បន្ថែមថា «សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលមានភារកិច្ច ជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព ។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការ នាយករដ្ឋមន្ត្រីនោះឡើយ ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង ៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាច រវាងរដ្ឋាភិបាល ជាមួយកងទ័ពនោះឡើយ ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែក ជួយរាជរដ្ឋាភិបាល លើការងារកងទ័ព» ៕

